បន្ទាយមានជ័យ÷យ៉ាងហោចណាស់កម្លាំងទាហានឈុតខ្មៅនិងប៉ារ៉ាថៃ២៧នាក់បានសម្រុកចូលមកទឹកដីកម្ពុជា ប្រដាប់ដោយអាវុធខ្លីបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ។ ការសម្រុកចូលមកកាន់ទឹកដីកម្ពុជានោះគឺ ដើម្បីឃាត់គ្រឿងចក្រដែលភាគីខាងកម្ពុជា
កំពុងតែកាយនិងឈួសឆាយដីនៅចំណុចអូរព្រំដែនកម្ពុជាថៃក្រោយកាស៊ីណូផ្កាយ៥ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រុមទាហានឈុតខ្មៅនិងប៉ារ៉ាថៃពួកគេខ្លះមានប្រើប្រាស់កាំភ្លើងខ្លី ប៉ុន្តែមិនមានប្រើប្រាស់អាវុធស្វ័យប្រវត្តិទេ ។
ចំណុចដែលកម្លាំងទាហានថៃចុះមកក្នុងទឹកដីកម្ពុជានោះគឺ ស្ថិតក្នុងភូមិ ក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ប្រភពពីពលរដ្ឋខ្មែរបានទម្លាយថា÷ កម្លាំងឈុតខ្មៅថៃបានចាប់ខ្លួនកម្មករម្នាក់កាលពីវេលាម៉ោង១១ថ្ងៃទី ០១ខែ មេសាឆ្នាំ ២០២៤ ខណកម្មកររូបនោះកំពុងធើ្វការនៅកន្លែងការដ្ឋានចាក់ដីចូលលើចំណីអូរព្រំដែន កម្ពុជាថៃ ។
ទន្ទឹមនឹងនេះ សមត្ថកិច្ចថៃបានចោទប្រកាន់លើអាជ្ញាធរកម្ពុជាថា រំលោភកិច្ចព្រមព្រៀងកម្ពុជាថៃចាក់ដីចូលជ្រៅក្នុងដីរបស់ថៃផងដែរ ។
យ៉ាងណា លោក រស់ពិសិដ្ឋនាយប៉ុស្តិបឹងសាគួ នៃនគរបាលការពារព្រំដែនគោកលេខ៩១១បានបដិសេធកាលពីថ្ងៃមិញនេះថា គ្មានករណី ទាហានថៃចាប់ខ្លួនកម្មករខ្មែរនោះឡើយ។លោកនាយប៉ុស្តិរូបនោះ បានបញ្ជាក់ថា ថៃបានស្មើឲ្យ អាជ្ញាធរកម្ពុជាកាយយកអាចម៌ដីដែលចាក់ថ្មីៗចេញអោយអស់ដើម្បីរក្សាបានលំអានដើមវិញ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោក វរសេនីយ៍ឯក សូចាន់ណារីមេបញ្ជាការវរលេខ៩១១នគរបាលការពារព្រំដែនគោកបានឲ្យដឹងថាទាហានថៃពិតជាបានចូលមកព្រំដែនកម្ពុជាមែនលោកថាមកហាមឃាត់ពលរដ្ឋចាក់ដីដើម្បីសង់លំនៅឋាន ៕