ទំព័រដើម ព័ត៌មានជាតិ ម៉ូតូកង់៣ផាស់អែបធ្លាក់ចូលទន្លេស្លាប់ក្មេងស្រីម្នាក់នៅខេត្តកណ្តាល

ម៉ូតូកង់៣ផាស់អែបធ្លាក់ចូលទន្លេស្លាប់ក្មេងស្រីម្នាក់នៅខេត្តកណ្តាល

ព័ត៌មាន សន្តិសុខ

0 មត្តិ

កណ្តាល៖ កុមារីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយ ម៉ូតូកង់បី១គ្រឿងរបស់ឪពុកខ្លួនបានធ្លាក់ចូលទន្លេអំឡុងឆ្លងដរទៅផ្ទះវិញពីម៉ោង៦ល្ងាចថ្ងៃទី២៦ខែឆ្នូឆ្នាំ២០២២ម្ដិលមិញ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងត្រង់ចំណុចកំពង់ចម្លងក្បាលកោះគរ-ស្វាយប្រទាលស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល  ។

លោក ម៉ន ដារ៉ា អាយុ២៨ឆ្នាំ ត្រូវជាពូកុមារីរងគ្រោះ បានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុ ខ្លួនបានបើកម៉ូតូកង់៣ដឹកប្រពន្ធនិងកូនអាយុ២ឆ្នាំព្រមទាំងក្មេងស្រីអាយុ៦ឆ្នាំចេញពីផ្ទះម្តាយនៅភូមិព្រែកដូង ឃុំកំពង់ស្វាយស្រុកកៀនស្វាយ គោលបំណងនាំក្មួយត្រឡប់ទៅផ្ទះនៅឯភ្នំពេញ វិញ។ ហើយរៀបចំឆ្លង ដរស្វាយប្រទាល ទៅត្រើយខាងលិច ពេលបើកចុះទូករួចរាល់ទូក ដរចេញដំណើរបានជាង១០ម៉ែត្រពីមាត់ច្រាំង អ្នកបើកទូកមិនបានយកកំណល់កល់កង់ ធ្វើឱ្យម៉ូតូកង់៣របស់ខ្លួនរអិលធ្លាក់ចូលទន្លេធ្លាក់ទាំងរូបលោកនិងប្រពន្ធ-កូនព្រមទាំងក្មួយៗដែលនៅលើកង់៣នោះចូលទន្លេទាំងអស់គ្នាតែម្តង។

ភ្លាមនោះប្រពន្ធបានស្ទុះចាប់បានកូនស្រីហើយស្រែកឱ្យលោកជួយក្មួយប៉ុន្តែជួយមិនទាន់ក្មួយក៏បានខ្ទាតចេញពីកង់៣លិចចូលទន្លេទោះជាខ្លួនព្យាយាមមុជរាវរកយ៉ាងណាក៏មិនឃើញដែរ ។

ចំណែកប្រពន្ធនិងកូនរបស់លោកបើសិនជាគ្មានក្មេងៗជំទង់ដែលមុជទឹកនៅក្បែរនោះចេញទូកមកជួយទាន់ពេលនោះទេ ក៏លង់ស្លាប់អស់ដែរ ហើយទាល់តែប្រមាណជាង៤០នាទីក្រោយមក ទើបមានប្រជាពលរដ្ឋជួយរាវរកឃើញប៉ុន្តែក្មួយបានផុតដង្ហើមស្លាប់បាត់ទៅហើយ ។

អ្នកស្រី ម៉ន កញ្ញា អាយុ៣០ឆ្នាំ ម្តាយកុមារីរងគ្រោះ បានរៀបរាប់ទាំងខ្សឹកខ្សួលថា កូនស្រីរបស់នាង ពិតជាអភព្វ័ណាស់ត្រូវឪពុកបោះបង់ចោលតាំងពីនៅក្នុងផ្ទៃមកម្លេះហើយកាលពីព្រឹកថ្ងៃ ប្អូនប្រុសបានមកយកកូនស្រី ទៅលេងម្តាយស្រាប់តែល្ងាចឡើងបងប្អូនទូរសព្ទ័ប្រាប់ថា កូនស្រីធ្លាក់ពីលើទូក ដ ស្លាប់។

លោកតា កុង សុង វ័យ៨៥ឆ្នាំជាម្ចាស់ទូកដរ បានមានប្រសាសន៍ថាលោកនឹងទទួលរ៉ាប់រងចេញប្រាក់ធ្វើបុណ្យសពក្មេងស្រីរងគ្រោះទាំងស្រុង ហើយក្រោយរៀបចំបុណ្យឱ្យក្មេងរួចរាល់ក្នុងនាមជាម្ចាស់ទូកលោកតសនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែប្រសិនបើអ្នកម៉ូតូកង់៣នោះគោរពតាមការណែនាំពេលឡើងទូកដរឱ្យអ្នកដំណើរចុះពីម៉ូតូខ្លួនហើយដាក់ហ្វ្រាំងដៃនិងកល់កំណល់ឱ្យបានត្រឹមត្រូវនោះក៏មិនកើតរឿងគ្រោះថ្នាក់អញ្ចឹងដែរ ។

បន្ទាប់ពីកើតហេតុអ្នកបើកទូកដរដែលអាយុប្រមាណ១៥ឆ្នាំបានរត់គេចខ្លួនហើយប្រជាពលរដ្ឋ និងអ្នកដំណើរដែលឆ្លងទូកដរបានរិះគន់ថា ម្ចាស់ទូកដរមិនគួរប្រើក្មេងមិនគ្រប់អាយុគ្មានបទពិសោធ ឱ្យបើកទូកបែបនេះទេព្រោះអាយុជីវិតអ្នកដំណើរ គឺពឹងទៅលើអ្នកចម្លងទាំងស្រុង ៕

 

អត្ថបទពាក់ព័ន្ធ