ភ្នំពេញ÷ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្ពោធជាផ្លូវការហើយក្នុងការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិននាព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។
ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wentain សម្រាប់សុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនិងផ្លែផ្កានៃចំណង មិត្តភាពរវាងប្រទេសទាំងពីរ ហើយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ ហើយ ដែលទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន ត្រូវបានឈានឡើងដល់កម្រិត កិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។
សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្មការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញនិងដល់ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
នៅក្នុងអង្គពិធីនេះដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមាន និងពង្រីកទីផ្សារប្រទេសចិនសម្រាប់កសិផលផ្សេងទៀតរបស់កម្ពុជា ដូចជាម្រេចដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ គ្រាប់ឈូក និងផលិតផលផ្សេងៗទៀត ឯកឧត្តមរដ្ឋមន្ត្រីបាន ផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
ក. ចំពោះអគ្គនាយកដ្ឋានកសិកម្ម
១. ត្រូវពង្រឹងការចុះត្រួតពិនិត្យអនុលោមភាពអនាម័យ និងភូត្តគាមអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលឆ្លងនៃសមាសភាពចង្រៃ ទាំងសម្រាប់ការនាំចូល និងការនាំចេញមុខទំនិញកសិកម្ម
២. ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងក្របខណ្ឌនៃការការពាររុក្ខជាតិ និងភូត្តគាមអនាម័យ
៣. ត្រូវចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើមុខទំនិញកសិកម្មដែលបានបើក ទីផ្សារ និងមានសក្តានុពលរបស់កម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីជំរុញការចរចាបើកទីផ្សារបន្ថែម និង
៤. ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងសមត្ថភាពជំនាញឱ្យបានកាន់តែទូលំទូលាយ ស៊ីជម្រៅ និងរឹងមាំថែមទៀត ដើម្បីជំរុញការចរចា និងអនុវត្តវិធានការអនាម័យ និងភូត្តគាមអនាម័យ សំដៅសម្រួល ពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា។
ខ.ចំពោះក្រុមហ៊ុនវិនិយោគ
១. ត្រូវអនុវត្តឱ្យបានម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នូវស្តង់ដារអនាម័យ និងភូត្តគាមអនាម័យ
ប្រទេសចិន ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាពនៃកសិផលនាំចេញ សំដៅថែរក្សាទីផ្សារ និង ពង្រឹងទំនុកចិត្ត និងការពេញចិត្តរបស់អ្នកប្រើប្រាស់លើកសិផលកម្ពុជា និង
២. ត្រូវពង្រឹងការសិក្សាស្វែងយល់ឱ្យច្បាស់លាស់ អំពីតម្រូវការនិងការឆ្លើយតបពីអ្នកប្រើប្រាស់ចំពោះកសិផលកម្ពុជាដើម្បីជំរុញបង្កើនការផ្គត់ផ្គង់ឬធ្វើពិពិធកម្មមុខទំនិញដែលត្រូវនាំចេញឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារប្រទេសចិន។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត ចិន ព្រមទាំងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់ការគាំទ្រនិងកិច្ចសហ ការយ៉ាងល្អក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកសិកម្មជាមួយកម្ពុជា៕
ស៊ីក្លូខ្មែរប៉ុស្តិ៍