បន្ទាយមានជ័យ÷ ដោយអនុវត្តន៍តាមបទបញ្ជានិងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលនាទី ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯកសួង សៅមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ប្រចាំស្រុកម៉ាឡៃបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចជួយប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះដោយទឹកជំនន់នៅស្រុក ម៉ាឡៃ។
លោកវរសេនីយ៍ឯក មេបញ្ជាការបានឲ្យដឹងថា ស្ថានភាពកំពស់ទឹកតាមអូរព្រំដែនកម្ពុជាថៃ ហាក់បីដូចជាហក់ឡើងខ្លាំងទៅៗទើបលោកបញ្ជាកម្លាំងដែលមានដើម្បីចុះជួយពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រយោជន៍ស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីទុកដាក់ពួកគាត់ ។ លោក មេបញ្ជាការដដែលបានបន្តថា កម្លាំងដែលបានចុះជួយបងប្អូន ប្រជាពលរដ្ឋ មានទាំងយោធា និងកងរាជអាវុធហត្ថស្រុក ក្រោមការដឹកនាំរបស់លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ។ តំបន់ដែលយើងបានជួយប្រជាពលរដ្ឋលិចលង់ដោយទឹកជំនន់នោះមានដូចជាភូមិនានាក្នុងឃុំបឹងបេងនិងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ពួកគាត់ត្រូវបាន កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ នាំយកទៅកាន់ទីទួលមានសុវត្ថិភាព រួមទាំងមនុស្ស និងសម្បត្តិទ្រព្យ សត្វ ចិញ្ចឹមផងដែរ ។
លោក សួង សៅ បានបន្តទៀតថា ករណីលិចលង់ដោយទឹកជំនន់នៅតំបន់ ស្រុកម៉ាឡៃ គឺកើតមានរាល់ឆ្នាំ ហើយលោកក៏បាន ត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយដែរក្នុងការចុះជួយប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះទឹកជំនន់នេះ ។
លោកបានរំលឹកទៀតថាស្ថានភាពទឹកជំនន់ខាងលើ គឺផ្តើមចេញពីប្រទេសថៃ ដោយសារកម្ពុជាយើង ជាពិសេសស្រុកម៉ាឡៃ ផ្ទៃដីមានស្ថានភាពទាបជាង ប្រទេសថៃ ដូច្នេះយើងងាយនឹងលិចលង់នៅផ្នែកខាងអូរព្រំដែនដ៏រាបណាមានភ្លៀងធ្លាក់ច្រើនជាប់គ្នា គឺលំនៅដ្ឋានប្រជាពលរដ្ឋនឹងលិចជាក់ជាមិនខាន៕ ដោយ ÷កវីជាយដែន