សៀមរាប៖ រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ៦រវាងរថយន្តក្រុងបុកជាមួយរថយន្តធុនធំដឹកស៊ីម៉ង់និងរថយន្តធុនតូចផ្សេងទៀត ។ទិដ្ឋាភាពពេលបុកថ្មីៗលើដងផ្លូវជាតិលេខ៦
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៤,៤០នាទី មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងម៉ាក MITSUBISHI ពាក់ផ្លាកលេខ ភ្នំពេញ3B-9886 ពណ៌បៃតងក្នុងទិសដៅពីកើតទៅលិចបាន រេចង្កូតឆ្វេងដៃ បុករថយន្តធំមួយគ្រឿងដឹកស៊ីម៉ង់ម៉ាក NISSAN UD ពាក់ស្លាកលេខ ស្វាយរៀង 3A-0625 ចំពីមុខក្នុងទិសដៅពីលិចទៅកើត។
ក្រោយពេលកើតហេតុរួច កម្លាំងផ្នែកចរាចរណ៍ស្រុកក្រឡាញ់ បានចុះមកដល់កន្លែងកើតហេតុ និងបានសម្រួលចរាចរណ៍ ការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI MIGHTY ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-6797 បើកដោយឈ្មោះ ឈី សុខ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង មានអ្នករួមដំណើរបីនាក់ទៀតមួយឈ្មោះ រស់ ម៉ារិទ្ធិ ភេទស្រី អាយុ៣០ ឆ្នាំ និងប្តីឈ្មោះ ហឿ ធារ៉ា អាយុ៤០ឆ្នាំ និងកូនក្មេងប្រុសតូចមួយទៀត មិនស្គាល់ឈ្មោះរស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកមកពីទិសខាងលិចយ៉ាងលឿន ឃើញបែបនោះមន្ត្រីចរាចរណ៍បានធ្វើសញ្ញាឲ្យ បន្ថយល្បឿនតែមិនព្រមបន្ថយល្បឿន ទើបមន្ត្រីចរាចរណ៍បានលោតគេចចេញហើយរថយន្តខាងលើនោះក៏បានបើកមកបុកគូទរថយន្ត ដឹកស៊ីម៉ងត៍ពីក្រោយបន្ថែមទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យគ្រោះថ្នាក់ និងខូចខាតមានឈ្មោះ រស់ ម៉ារិទ្ធិ (បាក់ជើងទាំងពីរ) ឈ្មោះ ហឿ ធារ៉ា (របួសស្រាល) ខូចខាតរថយន្តធ្ងន់ចំនួន ០២គ្រឿង និងរថយន្តស្រាលចំនួន ០១គ្រឿង។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីអ្នកបើកបររថយន្តក្រុង និងរថយន្ត HYUNDIA បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ។
គួរបញ្ជាក់ថាក្រោយពេលកើតហេតុរួចកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុពិនិត្យនិងវាស់វែងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក។ ចំណែកវត្ថុតាងទាំងបីគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ៕