បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានសម្តែងការហួសចិត្តត្បិតឃើញមន្ត្រីនគរបាលពាក់សក្តិជ្រែកស្នាជិះរថយន្តសុទ្ធតែសេរីទំនើបៗ បែជាមកបំពានយកដីអូរព្រំដែនទៅវិញ ? ។ មន្ត្រីដែលប្រឹងប្រែងចាក់ដីលុបអូរធម្មជាតិព្រំដែនកម្ពុជាថៃត្រូវបានប្រភពទម្លាយថាមានងារជា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលផែនជនបរទេសទៀតផង ។
ទីតាំងដីអូរព្រំដែនដែលត្រូវបានគេរាយការណ៍ថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យរំលោភបំពាននោះ ស្ថិតក្នុងភូមិក្បាលកោះសង្កាត់និងក្រុងប៉ោយប៉ែត នៅក្រោយអតិតសណ្ឋាគារប៉ោយប៉ែតចម្ងាយប្រមាណជា៥០០ម៉ែត្រពីផ្លូវរថភ្លើង ។
លោក ញ៉ែម សាមឿន ហៅសាន នាយប៉ុស្តិ៍ក្បាលកោះ នគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៨៩១ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២២នេះបានឲ្យដឹងថា ដីអូរព្រំដែនស្ថិតក្នុងភូមិក្បាលកោះនោះ គឺ មានគេចាស់មែនហើយកន្លងទៅលោកបានហាមឃាត់មិនអនុញាតអោយចាក់ដីលុបអូរព្រំដែននេះទេ។ លោកបន្តថា ថ្នាក់លើបានចែញបទ បញ្ជាមិនអោយបងប្អូន ប្រជាពលរដ្ឋសង់ផ្ទះសម្បែងនៅលើអូរព្រំដែនដូចមុនទៀតឡើយ ។
ពលរដ្ឋម្នាក់រស់នៅក្បែរ ទីតាំងដីលោក អេងលីហួរ បានឲ្យដឹងថា÷ដីធ្លីនៅជាប់ព្រំដែន កម្ពុជាថៃនេះភាគច្រើន ត្រូវបានគេចែកឲ្យពលរដ្ឋដើម្បីស្នាក់នៅ ហើយជាពិសេសដីចំណុចលោកស្នងការរងគ្រប់គ្រងនោះគឺសុទ្ធតែក្រឡុកជ្រៅៗក្រោយមកស្រាប់តែឃើញ គេចាក់ដីបំពេញ អស់ទៅចូលជ្រៅផ្នែកអូរព្រំដែន តែមិនដឹងថាខុសឬត្រូវទេព្រោះមិនមែនជាអ្នកច្បាប់នោះដែរ ។
ពាក់ព័ន្ធករណីខាងលើនេះលោកឧត្តមសេនីយ៍ត្រី អ៊ុំសុផល ស្នងការរងទទួលផែនកិច្ចការព្រំដែននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍យ៉ាងខ្លីថា÷រឿងរ៉ាវចាក់ដីលើចំណីអូរព្រំដែន គឺ មេបញ្ជាការវរ ជាអ្នកទទួលខុសត្រូវសួរខាងមេវរគេទៅទើបដឹងច្បាស់ ។
ចំណែកលោក ឧត្តមសេនីយ៍ ត្រី អេង លីហួរ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋថា ដីខាងលើលោកជាអ្នកចាក់នោះ លោកបានឲ្យសារព័តមានយើងដឹងថា÷ដីជាប់អូរព្រំដែនខ្មែរថៃនោះមិនមែនជារបស់លោកទេ គឺជាដីក្មួយរបស់លោក ។ លោកបន្តថា÷មូលហេតុដែលចាក់ដីនោះគឺដោយសារទឹកហូរកាត់ចាក់លុបមុខទឹកទេ ចាក់ការពារកុំអោយកម្ពុជាបាត់ដី ។ ពេលដែល អ្នកសារព័ត៌មានសួរថា÷ តើដីដែលលោកទទួលបានកម្មសិទ្ធិ គ្រប់គ្រងនោះ ប្រវែងប៉ុន្មានពីមាត់អូរ? លោកថា÷ គឺត្រឹមដែលចាក់ធ្នឹមក្រវាត់និងឯង ។
បែបណាក៏ដោយ លោក ចូវ សុភឿត ប្រធានការិយាល័យភូមិបាលសុរិយោដីនិងសំណង់ ក្រុងបោ៉យប៉ែតកាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២២លោកបានបញ្ជាក់ថា÷បើយោងតាមច្បាប់ភូមិបាលដីចំណីអូរស្ទឹង ព្រែកច្បាប់តម្រូវឲ្យទុកចម្ងាយ៣០ម៉ែត្រពីមាត់អូរ ។ បើបែបនេះមែននោះដីរបស់លោកឧត្តមសេនីយ៍ ត្រី អេងលីហួរ ដែលកំពុងតែចាក់ដីបុកគ្រឹះសង់អាគារនៅចំណុចអូរព្រំដែនកម្ពុជាថៃ ត្រង់ភូមិក្បាលកោះពិតជាប្រាស់ចាកនិងប្រពន្ធ័ច្បាប់ភូមិបាលជាមិនខាន ។
ចំណែកលោកគាតហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានត្រឹមលើកឡើងថា ចាំលោកចាត់តាំងមន្ត្រីឲ្យចំទៅ ពិនិត្យជាក់ស្តែងបើឃើញថាខុសលោកនឹងផ្អាក សកម្មភាពសំណង់នោះនិយាយចប់ចុចផ្តាច់ទូរស័ព្ទ៕