បន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជាបានប្រគល់ជនជាតិថៃចំនួន៤៩នាក់ទៅភាគីថៃវិញកាលពីរសៀលថ្ងៃទី០៤ ខែមករាឆ្នាំ២០២២ម្សិលមិញ ធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលប្រឈមនឹងច្រកទ្វារអន្តរជាតិក្លងឡឹកស្រុកអារញ្ញ ។
លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការប្រគល់ពលរដ្ឋថៃទាំង៤៩នាក់នោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ផាន ភក្តី អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍រួមគ្នានិងសមត្ថកិច្ចថៃ ប្រគល់ជូននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនជាតិថៃទាំង៤៩នាក់ត្រូវបានឃាត់ខ្លួននៅពីរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានាដែលមានបើកល្បែង សុីសងអនឡាញខុសច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី អេង លីហួ បានបញ្ជាក់ ថា ករណីបញ្ជូនខ្លួនជនជាតិថៃទៅឱ្យភាគីថៃវិញនេះ ដោយពួកគេបានលួចឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជាតាមរយៈក្រុមមេខ្យល់នាំយកមកដោយខុសច្បាប់ ។ សមត្ថកិច្ចកម្ពុជាថតរូបរួមគ្នាក្រោយប្រគល់ជូន
ក្រុមអន្តោប្រវេសន៍ថៃ ទាំងនោះត្រូវបាន ក្រុមគ្រូពេទ្យជំនាញកម្ពុជា ធ្វើតេស្តសាកល្បងដើម្បីស្វែងរកជំងឺ ខូវិដ-19 ជាមិន អស់ ប៉ុន្តែមិនមានអ្នកណាម្នាក់ បានឆ្លងមេរោគនោះឡើយ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២២ អាជ្ញាធរក្រុងប៉ោយប៉ែត បានរកឃើញជនជាតិថៃ ជាច្រើននាក់ដែលបានស្នាក់នៅដោយខុសច្បាប់ក្នុងអាគារកាស៊ីណូអូគីដេប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងយ៉ាងខ្លីថា ជនជាតិថៃ ដែលស្នាក់នៅក្នុង កាស៊ីណូខាងលើ គឺខាងស្ថានទូតគេផ្តល់ព័ត៌មានឲ្យយើងដើម្បីយកពួកគេ ត្រឡប់ទៅប្រទេសកំណើតវិញ ៕ ជាយដែន