រឿងនិទានខ្មែរ÷វត្តវិហារសួរ(សួគ៌)ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធ ១ ឮកិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះអ្នកផងសឹងបានជ្រាបជាច្រើន រៀងរាល់ឆ្នាំក្នុង១ឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ទៅបូជាបែរបន់តាមប្រាថ្នាផ្សេងៗ ទាំងព្រះរាជាព្រះរាជវង្សា,នុវង្ស នាហ្មឺនសព្វមុខមន្ត្រី ក៏តែងស្ដេចយាង តែងអញ្ជើញទៅបូជាបួងសួងនៅទីនោះដែរ ។
វត្តវិហារសួរមានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់សាងទុកជាអនុស្សាវរីយ៍ ត្រង់ទីដែលតាគហ៊េតើនព្រះអង្គឡើងសួរ សឹងមានតែងទុកជាប្រវត្តិនៃវិហារដូចតទៅ ។
តាមរបាក្សត្រដែលមានចារឹកទុកមកក្នុងព្រះរាជពង្សាវតារប្រទេសកម្ពុជាថាវត្តវិហារសួរកើតឡើងក្នុងរជ្ជកាលទី ១៩ គឺរជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជាគង់នៅនគរវត្ត ក្នុងពុទ្ធសករាជរវាង ១៥៧២គ្រិស្តសករាជរវាង១០២៨ ឬ២៩ ព្រះអង្គបានផ្ដើមកសាងទុកជាអនុស្សាវរីយ៍រំលឹកពេលដែលព្រះអង្គរត់ទ័ពជាមួយតាគហ៊េ។
រឿងរ៉ាវដើមហេតុនាំឲ្យមានការរត់ទ័ពនេះ មានដំណាលថាកាលដែលព្រះបាទចក្រពត្រព្រះរាជាប្រទេសកម្ពុជារជ្ជកាលទី១៦ទ្រង់ព្រះទិវង្គតទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូងមានរឹទ្ធិខ្លាំងពូកែបានសោយរាជ្យជារជ្ជកាលទី១៧ឡើងបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន ។
កាលនោះ មានព្រះម្នាងម្នាក់ទ្រង់ព្រះគភ៌ពុំទាន់គ្រប់ខែ ភៀសខ្លួនជារាស្ត្រសាមញ្ញចេញទៅនៅស្រុកក្រៅ សំណាក់ជាមួយតាគហ៊េនិងយាយលាក់ជាស្វាមីភរិយា ។ លុះព្រះគភ៌គ្រប់ ខែ១០ក៏សម្ភពព្រះរាជបុត្រា ១ ព្រះអង្គ ប្រកបដោយលក្ខណៈល្អ មានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្តនិងបាតព្រះបាទ ។ តាគហ៊េ និងយាយលាក់ស្រឡាញ់ណាស់ថ្នាក់ថ្នមដូចកូនបង្កើត ។ ថ្ងៃមួយ តាយាយនឹងព្រះម្នាងទៅច្រូតស្រូវ បានផ្ដេកព្រះរាជកុមារក្រោមម្លប់ឈើ១ដើម។ លុះកម្ដៅថ្ងៃចាំងមកត្រូវព្រះរាជកុមារមានសត្វបក្សី ១ មកកាងស្លាបក្រុងបាំងពីលើមិនឲ្យត្រូវថ្ងៃ ។
តាគហ៊េស្មានថាសត្វចឹកចៅ រត់ទៅមើលបក្សីនោះហើរបាត់ទៅ តាគហ៊េនឹកសរសើរថាកូននោះមានបុណ្យអស្ចារ្យណាស់ ក៏ថ្វាយព្រះនាមថាបក្សីចាំក្រុង ។
តមកកាលព្រះបាទព្រហ្មកិល ពញាក្រែករជ្ជកាលទី ១៨ ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយតាមពួកហោរាទាយថ្វាយថា មានអ្នកមានបុណ្យកើតក្នុងត្រកូលក្សត្របានព្រះជន្ម ៧ ឆ្នាំហើយភៀសខ្លួនជារាស្ត្រនៅក្នុងព្រះរាជាណាចក្រនេះ អ្នកមានបុណ្យនោះមានកងចក្រនៅបាតដៃបាតជើងទ្រង់ក៏យកក្មេងៗ អាយុ៧ឆ្នាំ ដែលមានក្នុងព្រះនគរទាំងប៉ុន្មាន មកផ្ដិតដៃលើម្សៅចង្អេរ ដើម្បីទ្រង់ពិនិត្យរកកង់ចក្រ តាគហ៊េភ័យក៏ពបក្សីចាំក្រុងរត់ចេញព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់ ។
ហេតុតែបុណ្យបារមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ ។ តាគហ៊េបញ្ជិះបក្សីចាំក្រុងលើស្មា ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់ហើយគាត់ទូលបក្សីចាំក្រុងថា បាគង់នៅទីនេះចុះចាំតាទៅកៀងគោបញ្ចូលក្រោលសិន ហើយគាត់ចោលដំបងដេញគោ ដំបងបាត់ក្នុងទឹកអូរ រកពុំឃើញបានជានោះមានឈ្មោះថាអូរដំបង នៅក្នុងខេត្តបាត់ដំបងសព្វថ្ងៃនេះ ។
បន្ទាប់ពីនេះតាគហ៊េពបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួល១ មានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សម្រាកដេកនៅទីនោះ បានជាទីនោះហៅថា ភូមិរលួស នៅក្នុងស្រុកសូទ្រនិគមខេត្តសៀមរាបសព្វថ្ងៃនេះ ។
លុះព្រឹកឡើងរត់ដោះពីទីនោះ ចូលទៅក្នុងព្រៃប្រទះនឹងព្រែក ១ មានទឹកខណ្ឌផ្លូវ តាគហ៊េបានឃើញម្នាក់ឈ្មោះ ជីក្រែង ជិះទូកស្ទូចត្រីក៏ឲ្យចម្លង បានជាជាប់ឈ្មោះទីនោះថា ភូមិជីក្រែងស្រុកជីក្រែង នៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះ ។
ក្រោយពីនោះមក រត់មកដល់ភ្នំមួយ ជួបនឹងតាម្នាក់ឈ្មោះ ម៉ឹង តាម៉ឹងសួរតាគហ៊េថាតានាំចៅទៅណា?“ ។ តាគហ៊េប្រាប់ថា ខ្ញុំមានអាសន្ន មានទុក្ខធំណាស់ អត់ទាំងស្បៀងអាហារផង។ តាម៉ឹងឲ្យតាគហ៊េពួននៅចាំភ្នំនោះ ខ្លួនគាត់ទៅយកអាហារមកឲ្យបរិភោគ ហើយឲ្យជាស្បៀងតាមផ្លូវផង បានជាភ្នំនោះឈ្មោះថាភ្នំអាសន្នទុក្ខ ដែលក្លាយមកជា ភ្នំសន្ទុក ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ សព្វថ្ងៃនេះ ។
តពីនោះ តាគហ៊េនិងបក្សីចាំក្រុង ដោយសារទូកគេឆ្លងកាត់ទីទំនាបទឹកមកដល់ខេត្តជើងព្រៃ កងទ័ពលើកមកតាមជិតទាន់តាគហ៊េក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃ ១ វេលាយប់ ព្រៃនោះមានមូសច្រើន បក្សីចាំក្រុងបួងសួងថា បើខ្ញុំមានបុណ្យសូមកុំឲ្យមានមូសក្នុងទីនេះ។ ដោយអានុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថាទួលគហ៊េនៅក្នុងតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាលសព្វថ្ងៃនេះ ។
លុះព្រឹកឡើង តាគហ៊េក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទន្លេប្រុងនឹងឆ្លងទៅត្រើយខាងត្បូង តែរកទូកឆ្លងគ្មានបក្សីចាំក្រុងផ្សងបារមីថា បើខ្ញុំត្រូវបានសោយរាជ្យហើយបានទំនុកបម្រុងពុទ្ធសាសនាមែន សូមឲ្យដើមរកានៅត្រើយខាងជើងកោងទៅ ដើមល្វានៅត្រើយខាងត្បូងទេរមក ដើមឈើទាំងពីរនោះក៏កោងទៅទេរមកដូចប្រណិធាន ។
តាគហ៊េក៏បក្សីចាំក្រុងឆ្លងតាមឈើទាំងពីនោះទៅ ដើមឈើទាំងពីរក៏ងើបឡើងដូចដើមវិញទើបទីត្រើយខាងជើងឈ្មោះថា រកាកោងនៅស្រុកមុខកំពូលខេត្តកណ្ដាលទីត្រើយខាងត្បូងឈ្មោះថាល្វាទេរនៅស្រុកស្រីសន្ធរនៅខេត្តកំពង់ចាមសព្វថ្ងៃនេះ ។
លុះតាគហ៊េនាំរត់ទៅត្រើយខាងត្បូងដល់ទួល ១ ប្របឆ្នេរបឹងបានកាប់មែកជ្រៃដោតធ្វើសម្រប់ស្រប់សម្រាកកម្លាំងនៅទីនោះបក្សីចាំក្រុងក៏និទ្រាលក់ក្រោមម្លប់សម្រប់នោះ ។ កំពុងតែលក់ស្រួលស្រាប់ត