បន្ទាយមានជ័យ÷អ្នកជំនាញខាងផ្នែកកសិកម្មបានផ្តល់បទពិសោធន៍យ៉ាងច្រើនដល់កសិករដែលស្រលាញ់វិស័យកសិកម្មពោលគឺការដាំដុះដំណាំរួមផ្សំ ក្នុងភូមិឋានរបស់កសិករយើង។
ក្នុងនោះក្រុមអ្នកជំនាញខាងផ្នែកកសិកម្មបានលើកយកប្រភេទដំណាំ ហូបផ្លែមកពន្យល់ដល់ប្រជាកសិករឲ្យដឹងថាតើកសិករ ចង់ដាំដុះដំណាំអ្វីដើម្បីឲ្យសក្តិសមនឹងចំណង់ចំណូលចិត្តរបស់យើងផងដែរ ។
ក្នុងនោះឧទាហរណ៍ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង ខេត្តនេះដីធ្លីមានជីជាតិអំ ណោយផលដល់ដំណាំកសិកម្មគ្រប់ប្រភេទហើយកសិករ ចំណាយទុនតិចលើការទិញជីមកបំប៉នដើម ។
ដើម្បីកុំឲ្យខាតពេលយូរ យើងចាប់ផ្ដើមមើលបទ យកការណ៍មួយស្តីពីដំណាំចេកដំបូងលឿងឬ អំបូងមាស ចេកប្រភេទនេះ ស្រួលដាំដុះ ជាដំណាំ ឆាប់ហុចផល កសិករ គ្រាន់តែរកប្រភេទដីណាដែលមាន ប្រភពទឹកជិត ហើយមិនជោគជាំពេក ។
កសិករត្រូវធ្វើដីឲ្យបានល្អរួចជីកជារណ្ដៅ ទំហំ៧ តិក៤ជ្រុងជម្រៅ៤តិកប្រើប្រាស់គម្លាតពីមាត់រណ្តៅមួយទៅរណ្តៅមួយទៀតចម្ងាយ២ម៉ែត្រ ពេលជីកបានរណ្តៅហើយកសិករត្រូវទុកដីនោះឲ្យបានយ៉ាងហោច រយពេល១សប្តាហ៍ដើម្បីឲ្យងាប់មេរោគឬទុកដីឲ្យឆ្អិនល្អ ចាំដាំដុះ ។ ចំការ១ហិកតាត្រូវដាំចេកឲ្យបានយ៉ាងហោច២០០គុម្ភ ត្រូវប្រើថវិកាទិញពូជអស់ខ្ទង់មួយលានរៀលក្រោយដាំដំណាំចេកវានឹងហុចផលវិញក្នុងរយៈពេលចាប់ពី៦ខែទៅ៨ខែបានចំណូលហើយ ។
ក្នុងឆ្នាំដំបូងឬឆ្នាំទីមួយចេកអំបូងមាសមិនសូវទទួលបានទិន្នផលខ្ពស់ពេកទេពោលគឺមួយគុម្ភបានតែមួយត្រយោងតែប៉ុណ្ណោះ។ ហើយចេញមួយត្រយោង ត្រូវទុកឲ្យផ្លែបានតែចំនួន៥ស្និតចេក១ស្និតបើគិតជាមធ្យមទម្ងន់២គីឡូក្រាមឬ៣គីឡូក្រាមក៏មានតាមការថែទាំ ផ្លែចេកអំបូងលឿងឬអំបូងមាសតម្លៃលើទីផ្សារ ១គីឡូក្រាម៨០០០រៀល ។
ចេកមួយស្ទងមានទម្ងន់១០ គីឡូក្រាមបើគិតជាប្រាក់បាន៨០,០០០រៀលដូច្នេះបើចេកមានចំនួន២០០គុម្ភនោះមួយរដូវកាលកសិករ យើងនឹងរកចំណូលបានចាប់ពី១៦លានរៀល ស្មើនិង៣,៩០២$សម្រាប់ឆ្នាំដំបូង ។ដោយឡែកសម្រាប់ឆ្នាំបន្ទាប់ដំណាំនេះនឹងហុចផលទ្វេដងឲ្យម្ចាស់វិញជាមិនខាន ។លើសពីលក់ផ្លែចេកលើទីផ្សារហើយ កសិករអាចលក់ពូជ ឲ្យទៅកសិករផ្សេងទៀត ក្នុងតម្លៃ៥០០០រៀល១កូនបានប្រាក់ចំណេញយ៉ាងងាយទៀតផង ។
ដូច្នេះបើកសិករវៃឆ្លាតមិនគួរណាទឹកដីឲ្យទំនេរ ចោលទទេនោះឡើយ ព្រោះបើយើង ប្រឹងប្រែងបង្កបង្កើនផល ផ្នែកកសិកម្មជំនាញនោះ ជីវភាពរស់នៅរបស់យើងក៏មិនដុនដាបដែរ ៕ ដោយ: វឌ្ឍនៈ