បន្ទាយមានជ័យ÷កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ស្រុកម៉ាឡៃកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែធ្នូាឆ្នាំ២០២១វេលាម៉ោង២០និង ២០នាទីកម្លាំងប៉ុស្តិ៍សង្កែដឹកនាំដោយលោកវរ:សេនីយ៍ត្រីឡុកធីនាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងកងពលតូចថ្មើជើងលេខ៥១បានទប់ស្កាត់ពលរដ្ឋចំនួន២២នាក់ស្រី១០នាក់និងកុមារ០៤នាក់ដែលពួកគេបំរុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។

ពេលឃាត់ខ្លួនពលរដ្ឋ
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនៃនគរបាលការពារព្រំដែនគោក៨១៥បានឲ្យដឹងថា ហេតុការណ៍ចុះល្បាតនិងទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់នោះកម្លាំងនគរបាលបានឃាត់រថយន្ត១គ្រឿងម៉ាកសាំយ៉ុងពណ៌សស្លាកលេខភ្នំពេញ2S-2635 រួមនិងម្ចាស់ឈ្មោះធាន រិទ្ធិ ភេទប្រុសអាយុ៣៧ឆ្នាំលំនៅក្នុងភូមិអន្លង់វិលឃុំគោកធ្លកក្រោមស្រុកជីក្រែង ខេត្តសៀមរាប។

ពេលបញ្ជូនពលរដ្ឋជូនអធិការ
មេបញ្ជាការដដែលបានបញ្ជាក់ថាចំនួនពលរដ្ឋដែលបានឃាត់នោះសរុប២៣នាក់នៅចំណុចស្តង់ដំឡូងមី មួយកន្លែងក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែពួកគាត់មានលំនៅខេត្តសៀមរាប។ ក្រោយកម្លាំងឃាត់ខ្លួនហើយធ្វើការណែនាំពួកគាត់ឲ្យយល់ដឹងស្ដីពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ធ្វើកិច្ចសន្យារួចប្រគល់ជូនអធិការនគរបាលស្រុកម៉ាឡៃដើម្បីអនុវត្តបន្ត ។
លោក មេបញ្ជាការបានលើកឡើងជុំវិញវិធានការទប់ស្កាត់ពលរដ្ឋដែលឆ្លងដែនខុសច្បាប់ គឺនគរបាលយើងអនុវត្តផែនការសកម្មភាពជាប្រចាំជាពិសេសបទបញ្ជារបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលតែងតែយកចិត្តទុកដាក់ណែនាំឲ្យកងកម្លាំងគោរពច្បាប់ និងវិន័យកងកម្លាំង៕ ដោយ:ជាយដែន

កិច្ចសន្យាណែនាំពលរដ្ឋដែលឆ្លងដែនខុសច្បាប់