ទំព័រដើម ទេសចរណ៍ ប្រាសាទជ្រុងកំពុងតែឯកោស្ថិតក្នុងតំបន់បាយន័មិនឆ្ងាយពីទន្លេអុំ

ប្រាសាទជ្រុងកំពុងតែឯកោស្ថិតក្នុងតំបន់បាយន័មិនឆ្ងាយពីទន្លេអុំ

0 មត្តិ

សៀមរាប÷ប្រាសាទជ្រុង ជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃប្រាសាទបាយ័ននៅត្រង់កន្លែងកាច់ជ្រុងទន្លេអុំ ខ្លោងទ្វារចូលផ្នែកខាងត្បូងនៃប្រាសាទអង្គរធំហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំឆ្ពោះទៅទិសខាងលិចបន្តិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទនឹងបានឃើញប្រាសាទតូចមួយ ទីនោះហើយជាប្រាសាទជ្រុង ។

ទិដ្ឋភាពប្រាង្គប្រាសាទជ្រុងតំបន់បាយន័

ប្រាសាទជ្រុងជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋនិងគួរឱ្យចាប់អារម្មណ៍ដែលអ្នកទេសចរណ៍ក្នុងស្រុកពុំដែលបានដឹងនៅឡើយ ប៉ុន្តែរាល់អ្នកទេសចរណ៍អន្តរជាតិ ពួកគេបានដឹងអំពី ពិសិដ្ឋភាព របស់ប្រាង្គប្រាសាទបុរាណនេះបានយ៉ាងច្បាស់ ។
យោងតាមឯកសារស្រាវជ្រាវ ចងក្រងដោយ គង្គាអង្គរ របស់ក្រុមហ៊ុនហ្គ្រីងអឺស បានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូច ច្រឡឹងល្អប្រណីតមួយ ដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទទាំងអស់។

បរិវេណប្រាសាទជ្រុង

តួប៉មប្រាសាទនេះបែរមុខ ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រគុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម ។

ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ ដែលជាស្នាព្រះហស្ត របស់ព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ។ នៅក្នុងសម័យអង្គរប្រាសាទជ្រុងគឺជាហោត្រ័យ ឬ បណ្ណាល័យតម្កល់ទុកនូវផ្ទាំងសិលាចារឹកដ៏សំខាន់ដែលពិពណ៌នា យ៉ាងពិស្តារអំពីការស្ថាបាត្យកម្មកសាងមហាកំពែង កសិណទឹកព័ទ្ធជុំវិញនិងទ្វារចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧។

តួប៉មកណ្តាលប្រាសាទជ្រុង

ពេលនេះប្រាសាទជ្រុងទទួលរងការបាក់បែកផ្នែកខ្លះៗដោយសារអាយុកាលនិងការបំផ្លិចបំផ្លាញរបស់មនុស្ស ។ នៅតាមខ្នងកំពែងខាងកើតប្រាសាទប្រមាណ២០០ ម៉ែត្រ មានរន្ធទ្វារសម្ងាត់ចំនួនប្រាំដែលអ្នកស្រុកហៅថា រន្ធត្រដេវតាំងពី យូរណាស់មកហើយ ពីព្រោះមានសត្វត្រដេវធ្លាប់ធ្វើសំបុកនៅទីនោះ ទើបអ្នក ស្រុកហៅឈ្មោះនេះរហូតមក ។

តាមលក្ខណៈភូមិសាស្ត្ររន្ធនេះគឺជាច្រកទឹកចេញចូលរវាងទន្លេអុំ និង បឹងតូចៗនៅភាគនិរតីនៃអង្គរធំ ហើយវាក៏ប្រាកដជាច្រកសម្ងាត់សម្រាប់ការរត់ភៀសខ្លួនរបស់ស្តេចឬមន្ត្រីនៅក្នុងករណីមានភយន្តរាយណាមួយជាយថាហេតុ ។

រូងទាំងប្រាំនេះសង់ទម្លុះមហាកំពែងដ៏រឹងមាំរបស់អង្គរធំ ដែលស្ថិតនៅជាប់ៗគ្នា ប៉ុន្តែវាមានទំហំមិនស្មើគ្នាទេ រូងកណ្តាលធំហើយខ្ពស់ជាងគេបន្តិចគឺទទឹងទំហំប្រមាណ១,៥ ម៉ែត្រនិងកម្ពស់ ២ ម៉ែត្រ ៕ ដោយ÷ អច្ឆរា អង្គ

អត្ថបទពាក់ព័ន្ធ