ឧត្តរមានជ័យ÷ប្រាសាទតាមន្ត ជួនកាលត្រូវបានគេហៅថា ប្រាសាទតាមាន់ ផងដែរ ព្រោះមានសម្លេងស្រដៀងគ្នា ប៉ុន្តែឈ្មោះដែលត្រឹមត្រូវគឺ ប្រាសាទតាមន្ត គឺជាប្រាសាទមន្តអាគម ពុំមែនពាក់ព័ន្ធនឹងមាន់ទាអ្វីទេ ។ មានប្រាសាទចំនួន ២ ស្ថិតនៅក្បែរគ្នាគឺប្រាសាទតាមន្តតូច និងប្រាសាទតាមន្តធំ ដែលយើងលើកមកនិយាយខាងក្រោមនេះ ។

តួនៃប្រាសាទតាមន្តធំ
ប្រាសាទតាមន្តធំ គឺជាស្នាដៃល្អឯករបស់បុព្វបុរសខ្មែរ ស្ថិតនៅលើជម្រាលនៃជួរភ្នំដងរែក ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ឈមនឹងឃុំបាក់ដៃ ស្រុកភ្នំដុងរ៉ាក់ ខេត្តសុរិន្ទរបស់សៀម ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសុរិយវរ្ម័នទី១ បែរមុខទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រខ្ពង់រាបនៅតំបន់នោះ ដែលមានចម្រាក់បែរទៅខាងត្បូង ។ ប្រាសាទនេះប្រកបទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណីត ហើយមានប្រជាប្រិយភាពគួរជាទីចាប់អារម្មណ៍បំផុត ។

ច្រកចូលប្រាសាទតាមន្តធំ
ភាពអស្ចារ្យនៃប្រាសាទតាមន្តធំល្បីរន្ធឺនៃសាសន៍ស្ថាននេះគឺ បណ្ដាលមកពីកត្តាជាច្រើនយ៉ាង ដូចជា ភាពវិសេសវិសាលនៃទីតាំងប្រាសាទ និងស្ថានភាពភូមិសាស្ត្រដោយគួបផ្សំទៅនឹងជំនឿលើអច្ឆរិយវត្ថុ ក្នុងប្រព័ន្ធគំនិតខ្មែរនាសម័យមហាអង្គរដែលនៅដិតដាមជាប់នៅឡើយ ក្នុងទំនៀមទម្លាប់របស់អ្នកស្រុកសៀមដើមកំណើតខ្មែរនៅក្នុងប្រទេស សៀមសព្វថ្ងៃនេះ ។

ចម្លាក់ បុរាណនៃប្រាសាទតាមាន់ធំ
ទេវស្ថានដ៏មានសារសំខាន់នេះគឺជាក្រុមប្រាសាទតូចធំជាច្រើនមានប្រាង្គនៅចំកណ្ដាលធំជាងគេតំណាងឲ្យភ្នំសុមេរុ ដែលជាចន្ទល់នៃចក្រវាលក្នុងលោកធាតុវិទ្យាឥណ្ឌា‑ខ្មែរ ហើយក៏ជាកន្លែងដ៏ស័ក្តិសិទ្ធិជាងគេផងដែរ ។ ភាពសក្តិសិទ្ធិនៃប្រាសាទតាមន្តធំននេះក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរតាមរយៈថ្មធម្មជាតិមួយដែលមាន លក្ខណៈសើមដោយខ្សែទឹកដែលផុសចេញពីបាតភ្នំ ៕