ភ្នំពេញ÷ អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបដោយជោគជ័យ ដែលជនសង្ស័យម្នាក់ដែលបានបោកប្រាស់លើស្ត្រីចំណាស់ជាច្រើនករណី តាម រយៈតេទូរសព្ទពីមួយខ្សែទៅមួយខ្សែ ដោយបន្លំធ្វើជាកូនមានគ្រោះថ្នាក់ ។

វត្ថុតាងដែលបានដកហូត
ជនសង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
របាយកាណ៍បានអោយដឹងថាជនសង្ស័យបានធ្វើការបោកប្រាស់ស្ត្រីចំណាស់ជាច្រើនករណី តាមរយៈចុចលេខទូរសព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសំឡេងស្ត្រីចំណាស់ហើយបានប្រើល្បិច ហៅជនរងគ្រោះថាម៉ែនិងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេ បាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី៣,០០០$ទៅ ៥,០០០ដុល្លារ ដើម្បីដោះស្រាយសងរថយន្តបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោក៏ប្រឹងរកប្រាក់វេឲ្យជនសង្ស័យភ្លាមៗតែម្តង ។

សកម្មភាពពេលចាប់បញ្ជូនជនសង្ស័យ
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕