ខេត្តស្រះកែវ ៖ សេចក្តីរាយការណ៍មួយបានឲ្យដឹងមកថា មន្ត្រីយោធាម្នាក់ ឈ្មោះសុខបានផលបំរើការនៅអគ្គនាយកដ្ឋាននៃក្រសួងការពារជាតិបានបើករថយន្តម៉ាកJEEPពាក់ស្លាកលេខកម្ពុជាPICH NIK បើកបរចូលទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបងប្រឈមនឹង ច្រកខាវដីនប្រទេសថៃ កាលពីវេលាម៉ោង៨យប់ថ្ងៃទី០៥ខែវិច្ឆិកា២០២២។
សេចក្តីរាយការណ៍ដដែលបានបន្តថា លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រាប់តែមានហេតុការណ៍ផ្ទុះអាវុធ របស់កងកំលាំងប៉ូលីសថៃ តាមឃាត់រថយន្តម៉ាក Jeep បើកបរដោយមន្ត្រីយោធាកម្ពុជានោះ ជាហេតុបណ្តាលឲ្យរថយន្ត Jeep បែកកង់ទៅមុខលែងរួច ត្រង់ចំណុចស្តុប ស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវប្រទេសថៃ។ភ្លាមនោះ គេឃើញមន្ត្រីយោធាកម្ពុជា បានចុះពីលើរថយន្ត ហើយដៃម្ខាងកាន់ អាវុធធុនខ្លី ស្រែកហៅអោយ ទាហានថៃចូលមកចាប់ខ្លួន តែក្រុមទាហានថៃ មិនបានចូលតាមការ ស្រែកហៅ របស់យោធាកម្ពុជាឡើយ ។ ពោលគឺសមត្ថកិច្ចថៃ បានបាញ់គំរាមជាច្រើនគ្រាប់ដើម្បីឲ្យមន្ត្រីយោធានោះ ទម្លាក់អាវុធចុះ តែនៅតែមិនព្រមដដែល ។
សកម្មភាពឡោមព័ទ្ធចាប់ខ្លួន មន្ត្រីយោធាកម្ពុជា ដោយកងទាហានថៃ កាន់តែច្រើនឡើងៗ ហើយបានបិទផ្លូវ ជាតិមួយរយៈ ដើម្បីរិះរកមធ្យោបាយ ចាប់ខ្លួន មន្ត្រីយោធាកម្ពុជា ។
តមកគេឃើញមាន វត្តមានលោក អគ្គកុងសូលកម្ពុជា ប្រចាំការខេត្តស្រះកែវប្រទេសថៃមួយអន្លើដោយមន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត និង ច្រកភ្នំដីខេត្តបាត់ដំបងចុះទៅដល់កន្លែងកើតហេតុនោះដែរ ។បែបណាក៏ដោយចុះ ប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងទៀតថា សមត្ថកិច្ចថៃ តាមរកឃាត់ខ្លួន មន្ត្រីយោធា កម្ពុជាម្នាក់នេះ តាំងតែពីល្ងាចមកម្ល៉េះ សង្ស័យគេដឹងថា នៅក្នុងរថយន្តនោះមានអាវុធនៅ ក្នុងនោះឬ ថា មន្ត្រីយោធានោះ បានធ្វើអ្វីខុសនឹងច្បាប់ របស់ប្រទេសថៃ ទើបឈានដល់ការ តាមចាប់ខ្លួនបែបនេះ ។
នៅម៉ោងប្រមាណជា៣រសៀល ព័ត៌មានចុងក្រោយមន្ត្រីយោធាជើងខ្លាំង រូបនោះបានត្រូវ សមត្ថកិច្ចថៃចាប់ខ្លួនបានហើយ បន្ទាប់ពីមានការចូលរួមពី អាជ្ញាធរ កម្ពុជា ។ រឿងរ៉ាវយ៉ាងណា ស៊ីក្លូខ្មែរប៉ុស្តិ៍យើងនៅមិនទាន់ដឹងច្បាស់ការនៅឡើយទេ ព្រោះមន្ត្រីពាក់ព័ន្ធខាងកម្ពុជា មិនទាន់មានប្រភពទាក់ទង៕