បន្ទាយមានជ័យ÷មានរឿងមួយបានបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២១ខែតុលាឆ្នាំ២០២២ពោល គឺ យុវជនម្នាក់ត្រូវពស់ស្រកាចាស់ចឹកពេលកំពុងដើរទៅបិទទ្វារទ្រុងមាន់នៅដីចម្ការមួយកន្លែងស្ថិតក្នុងត្រើយម្ខាងនៃស្ទឹងថ្មពួកចំណុចគោកចាស់ភូមិអ្នកតាឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

រូបភាពជនរងគ្រោះនិងភស្តុតាង
ជនរងគ្រោះឈ្មោះស្វាង វិចិត្រ ភេទប្រុស មានអាយុ១៨ឆ្នាំ នៅភូមិអ្នកតាឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ យោងតាមសម្តីរបស់លោកដា ឈាន អតីតមេឃុំថ្មពួក បានឱ្យដឹងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ ថា ក្រោយពស់ចឹកសុខភាពក្មួយប្រុសរបស់គាត់ហាក់នៅរឹងមាំនិងមានស្មារតីមិនតក់ស្លុតទេ ហើយបានវាយសម្លាប់ពស់នោះឲ្យងាប់នៅនឹងកន្លែងរួច ទូរស័ព្ទទាក់ទងទៅអ្នកផ្ទះឲ្យជួយ សង្គ្រោះនាំទៅមន្ទីរពេទ្យបង្អែកថ្មពួកទាន់ពេល វេលា។ ក្រោយទៅដល់មន្ទីរពេទ្យភ្លាមក្រុមគ្រូពេទ្យបានខ្នះខ្នែងជួយបានទាន់ពេលវេលាព្រោះមន្ទីរពេទ្យមានថ្នាំព្យាបាលទើបក្មួយប្រុសរបស់គាត់រួចផុតពីសេចក្តីស្លាប់បានពុំនោះទេជីវិតក្មួយប្រុសគាត់មុខជាបាត់បង់ជីវិត ។
សូមរំលឹកថា÷ក្នុងចំណោមស្រុកក្រុងទាំង៩នៅខេត្តបន្ទាយមានជ័យមានចំនួនជនរងគ្រោះត្រូវបានពស់ ចឹកសរុបពី៧០ទៅជាង២០០នាក់ក្នុង១ឆ្នាំៗហើយ នៅស្រុកថ្មពួកមានអត្រាពស់ពិសចឹកពលរដ្ឋមានកំណើនច្រើនជាងគេនេះបើតាមតួរលេខរបស់ប្រធានមន្ទីរសុខាភិបាលបានលើកឡើង ៕
ស៊ីក្លូខ្មែរប៉ុស្តិ៍