ទំព័រដើម ទេសចរណ៍ ប្រទះឃើញបំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័នកប់ក្នុងដីចំនួនរាប់រយឆ្នាំបង្កការភ្ញាក់ផ្អើល

ប្រទះឃើញបំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័នកប់ក្នុងដីចំនួនរាប់រយឆ្នាំបង្កការភ្ញាក់ផ្អើល

ទេសចរណ៍ជាតិ

0 មត្តិ

សៀមរាប÷ថ្មីៗនេះមានការប្រទះឃើញដោយចៃ ដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាប ថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួល រលំបណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយត្រូវបានផុសឡើងតាមឬសឈើនៅក្នុងបរិវេណវត្តទេពប្រណម្យអតីតរាជធានីអង្គរធំ។

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាល នាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗទើបពេលភ្លៀងជោគជាំដីជ្រាយធ្វើឱ្យដួលរលំនិងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង ។ លោកសុម៉ាឡា បន្តថា÷ បំណែកក្បាលនាគនេះមានត្រឹមតែកនាគ មកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រនិងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើរដោយបាក់បែកមុខនាគ និងជុំវិញសងខាង។

រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះនិងដៃផ្នែកនៅខាងលើរួមទាំងផ្នែកខ្លះនៃក្បាល ។ លោក ឈូក សុម៉ាឡា សន្និដ្ឋានថា បំណែកក្បាលនាគនេះអាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ បន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ ។ អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍មិញ និងព្រះពុទ្ធសាសនាទើបព្រះអង្គឱ្យ ស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។

ក្បាលនាគនិងគ្រុឌកប់ជ្រៅរាប់រយឆ្នាំទើបរកឃើញ

ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះទើបអាជ្ញាធរជាតិអប្សរាសហការជាមួយនគរបាលការ ពារបេតិកភណ្ឌព្រមទាំងភ្នាក់ងារទេសចរណ៍ធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរដើម្បីចុះបញ្ជីទុកជាឯកសារលាងសម្អាតរក្សាទុកទៅតាមបច្ចេកទេសនិងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញបើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ ៕

អត្ថបទ៖ ឆាយ ផាន់នី

 

អត្ថបទពាក់ព័ន្ធ