បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋក្នុងសហគមន៍ក្រុងប៉ោយប៉ែតបានសម្តែងនូវក្តីបារម្ភចំពោះសុវត្ថិភាព ផ្ទាល់ខ្លួនខណៈអំពើចោរកម្មបានកកើតច្រើនគ្រប់ច្រកល្ហកតាមដងផ្លូវនានានិងក្នុងសហគមន៍ទាំងមូលផង ។ ហេតុផលដែលនាំអោយកើតអំពើចោរ ឆក់និងគាស់ផ្ទះយកទ្រព្យសម្បត្តិ របស់អ្នកស្រុកនោះដោយសារទឹកដីជាយដែន កម្ពុជាថៃ មានការបើកល្បែងស៊ីសងខុសច្បាប់ ហើយបណ្តោយឲ្យប្រជាពលរដ្ឋចូលលេងគ្មានអ្នកបង្ក្រាប ។
ជាក់ស្តែងកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រមាណជា២រំលងអាធ្រាត្រ ស្ត្រីម្នាក់ឈ្មោះ សឿន លាង ហៅអីម បានបាត់បង់ទ្រព្យសម្បត្តិ ម៉ូតូZoomer X សេរី២០១៨មួយគ្រឿង ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P -82 34 ត្រូវបានក្រុមចោរ២នាក់ភេទប្រុស បានធ្វើសកម្មភាពកាច់កយកបាត់ ដែលមានទីតាំងស្ថិត នៅម្តុំក្លិបកំសាន្ត ARA ភូមិបាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ត្រីម្ចាស់ទ្រព្យបានឲ្យដឹងថា ក្រោយពីម៉ូតូរបស់ខ្លួនបានបាត់បង់ហើយ ព្រឹកឡើងគាត់បាន ដាក់បណ្តឹងនៅប៉ុស្តិ៍សង្កាត់រដ្ឋបាលប៉ោយប៉ែតដើម្បីឲ្យអាជ្ញាធរ ជួយស្វែងរកម៉ូតូមកឲ្យខ្លួនវិញ ។
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យស៊ីក្លូខ្មែរប៉ុស្តិ៍ដឹងនៅថ្ងៃនេះថា កម្លាំងនគរបាលជំនាញបានទទួលពាក្យបណ្តឹងពី ម្ចាស់ទ្រព្យហើយ ហើយកំពុងតែស្រាវជ្រាវ តាមភិនភាគនោះហើយដែរ ។លោកអធិការដដែលបានបន្តទៀតថា ករណីនេះបើជនរងគ្រោះ មិនទាន់បង្ហោះរូបភាពទេ ងាយសមត្ថកិច្ចស្រាវជ្រាវរកឃើញវិញ ប៉ុន្តែបើ ភាគីម្ចាស់ទ្រព្យ បញ្ចេញរូបភាពនោះ សមត្ថកិច្ចនឹង ពិបាកតាមរកណាស់ ព្រោះចោរដឹងខ្លួន ៕