ខេត្តកំពត÷ ជារឿងមួយគួរឲ្យកោតសរសើរ នៅថ្ងៃនេះប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ចន្ទលក្ខិណាបានធ្វើដំណើរពីភ្នំពេញចុះទៅសួរសុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលបានធ្លាក់ខ្លួនឈឺជរាពាធម្ដងទៀតកាលពីពេលថ្មីៗនេះ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យេកជនមួយកន្លែងនៅស្រុកកំពង់ត្រាច ខេត្តកំពត ។
ក្រៅពីទឹកចិត្តឈឺឆ្អាលចំពោះសិល្បករវ័យជរារូបនេះហើយនោះ អ្នកនាង ចន ចន្ទលក្ខិណា ក៏ាបាននាំយកអំណោយ “មូលនិធិសិល្បករចាស់ជរា” ជូនព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយមួយផ្នែក។
បើតាមភរិយារបស់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ដែលមានវ័យ៨០ឆ្នាំ និងកំពុងមើលថែលោកតាដោយផ្ទាល់នៅមន្ទីរពេទ្យបានបង្ហាញនូវមនោសញ្ចេតរំភើបរីករាយ ចំពោះកាយវិការរបស់អ្នកនាងប្រធានសមាគមសិល្បករខ្មែរទៅលើស្វាមីរបស់លោកយាយដែលចាស់ជរាក្នុងវ័យ៧៧ឆ្នាំ កំពុងរួមរឹតដោយជំងឺជាច្រើនមុខ ធ្វើឲ្យភ្លេចភ្លាំង មិនអាចច្រៀងចាប៉ីបានទៀតទេ។
ទោះបីជាយ៉ាងណា បើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតនៅមន្ទីរសម្ភព និងសម្រាកព្យាបាលកំពង់ត្រាច នៃស្រុកកំពង់ត្រាច ខេត្តកំពតបានបញ្ជាក់ថា ពេលនេះស្ថានភាពជំងឺរបស់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ បានធូរស្រាលមួយកម្រិតហើយ។ វេជ្ជបណ្ឌិតបញ្ជាក់ថា “លោកតាអាចបើកថ្នាំទៅពិសារនៅផ្ទះបាន”។
ជាមួយគ្នានោះ សមាគមសិល្បករខ្មែរ ក៏បានសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលសម្ដេចទាំងទ្វេបានជួយឧបត្ថម្ភដល់មូលនិធិសិល្បករចាស់ជរានូវថវិកាចំនួន៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំក្នុងរយ:ពេល៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។ តាមរយៈថវិការជាទឹកចិត្តដ៏ថ្លៃរបស់សម្ដេចទាំងទ្វេបានជួយឲ្យសមាគមមួយនេះអាចជួយដល់សិល្បករចាស់ជរា បាត់បង់សមត្ថភាព ជាទៀងទាត់រៀងរាល់ខែផងដែរ៕