បន្ទាយមានជ័យ÷ ស្ត្រីឈ្មោះមាន កាន មានស្រុកកំណើតនៅភូមិត្រពាំងថ្ម ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យបានដឹកសពប្តី ពីប្រទេសថៃ មកដល់ព្រំដែនច្រកអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។
ស្ត្រីដដែលបានឱ្យដឹងថាប្តីរបស់នាងស្លាប់បន្ទាប់ពីធ្លាក់ពីលើអាគារសំណង់មួយកន្លែងកម្ពស់៣ជាន់នៅប្រទេសថៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ។ ក្រោយប្តីបានស្លាប់ នាងបានរៀបចំដឹកសពប្តីមកកាន់ ប្រទេសកំណើតវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែពេលមកដល់ ព្រំដែនកម្ពុជា-ថៃនាងថាគេមិនអោយចេញទេ ដោយលិខិតឆ្លងដែនរបស់នាងអស់សុពលភាពស្នាក់នៅ១ឆ្នាំនៅប្រទេសថៃ ។
ករណីចេញមកបានលុះណាតែវាយត្រាចេញ ក្នុងនោះភាគីថៃត្រូវផាកពិន័យចំនួន២មុឺនបាត ទើបចេញបាន។ ដោយទល័គំនិតនាងបង្ខំចិត្ត ពឹងពាក់ឲ្យមេខ្យល់នាំផ្លូវឆ្លងដែនតាមច្រករបៀងនៅប៉ែកខាងជើងផ្សាររោងក្លឿប្រទេសថៃដោយឆ្លងកាត់អូរព្រំដែនកម្ពុជាថៃ ។មេខ្យល់គេទាប្រាក់ចំនួន ២មុឺន បាតប្រាក់ថៃ តែនាងតាមអង្វរមេខ្យល់នោះរហូតចុះនៅត្រឹម១១,០០០បាតទើបគេសុខចិត្តនាំឆ្លងដែន មកកម្ពុជា។
ស្ត្រីដដែលបានឱ្យដឹងទៀតថា ប្តីនាងដែលស្លាប់នោះ ឈ្មោះ យឹត កាន់ មានអាយុ៣៦ឆ្នាំដើមកំណើតភូមិត្រពាំងថ្ម ឃុំត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នាងថា ថ្ងៃនេះនាងនិងសាច់ញាតិកំពុងធ្វើបុណ្យសពឲ្យប្តីតាមប្រពៃណី ព្រះពុទ្ធសាសនានៅគេហដ្ឋាន ។
ពាក់ព័ន្ធនិងបញ្ហានេះមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃ ប្រចាំច្រកទ្វារប៉ោយប៉ែត លោក ឈុន ណា ដែលសម្របសម្រួលនាំសព ឈ្មោះ យឹត កាន់ មកកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២២នេះ ថារាល់សព ពលរដ្ឋកម្ពុជា ដែលស្លាប់នៅប្រទេសថៃសមត្ថកិច្ច កម្ពុជាមិនតម្រូវ ឲ្យការបង់លុយអ្វីទេ ។ចំណែកខាងថៃ ក៏គ្មានការយកលុយអ្វីដែរប៉ុន្តែករណីអ្នកមកជាមួយសាក សព នោះត្រូវតែមានឯកសារគ្រប់គ្រាន់ទើបចេញមក កម្ពុជាបាន លោកថា ជាក់ស្តែងស្ត្រីប្រពន្ធ សពគាត់ស្នាក់នៅប្រទេសថៃរយៈពេលជាង២ ឆ្នាំមកហើយ។ ដូច្នេះថៃគេត្រូវតែពិន័យចំនួន ២មុឺនបាតមុនចេញមកកម្ពុជា ។
យ៉ាងណាមិញជុំវិញការស្លាប់របស់ពលករខ្មែរ នៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃទី១៣ខែឧសភា២០២២ នេះលោក នេត សេរី ស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវអង្គភាពសារព័ត៌មានយើង មិនអាចសុំអោយលោកធើ្វការអធិប្បាយបាន យ៉ាង ណានៅឡើយទេ ពាក់ព័ន្ធនិងសំណងរដ្ឋប្បវេណីដែលថៅកែថៃត្រូវសងមកគ្រួសារនៃសពនោះ ៕