បន្ទាយមានជ័យ÷លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះរងការចោទថាបានឃុបឃិតជាមួយ លោក អែម ណុយ មេឃុំភ្នំលៀបករណីលក់ដីនៅចំណុចរហាលសន្ទូងស្ថិតក្នុងភូមិកំពង់ក្រសាំងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា ពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៩ឲ្យទៅឈ្មោះ ស៊ា សុយុននិងឈ្មោះស៊ា លីហ៊ាងមានលំនៅ ក្រុងសិរីសោភ័ណផ្ទៃដីសរុបទំហំ១២០ហិកតា ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាការប្រព្រឹត្តបទល្មើសលក់ដីរបស់រដ្ឋដោយខុសច្បាប់ គឺលោក ឃូ ពៅ បានរៀបចំសេនារីយោចាត់តាំងឲ្យមានការលក់ដីរដ្ឋខុសច្បាប់បានរៀបចំអ្នកលក់ឈ្មោះ ហេង ហុង ដែលមានទូនាទីជាក្រុមប្រឹក្សាឃុំភ្នំលៀប អ្នកទិញឈ្មោះ ស៊ាន សុឃុន និងឈ្មោះ ស៊ា លីហ៊ាង ។ ក្រោយទិញលក់ ពួកគេបានបង្កើតគណៈកម្មការចុះវាស់វែង ដើម្បីបំភ័ន្តភ្នែកមហាជននិងរាជរដ្ឋាភិបាល ដើម្បីឲ្យឃើញថាការលក់ទិញនេះមានលក្ខណៈស្រុបច្បាប់ ហើយលោក អែម ណុយ មេឃុំភ្នំលៀប និងលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ជាអ្នកចុះហត្ថលេខាលើលិខិតបទដ្ឋាននោះឲ្យឃើញថា ការលក់ទិញមានលក្ខណៈស្របច្បាប់យកជាការបាន ។
សូមរំលឹកថា លោក ឃូ ពៅ អតីតៈជាអភិបាលស្រុកស្វាយចេក ប្តូរមកគ្រងតំណែងជាអភិបាល ស្រុកព្រះនេត្រព្រះ ជំនួស ដោយលោក លី សុវណ្ណារិទ្ធិ នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧ ដែលមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យជាអធិបតី ។ លោក ឃូ ពៅ បានឡើងសច្ចាចំពោះមុខមហាជនថា លោកនឹងដឹកនាំស្រុកព្រះនេត្រព្រះនេះតាមគោលនយោបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឲ្យស្រុកនេះប្រែមុខមាត់ថ្មីរីកចំរើនគួរជាទីមោទនៈ។
គេនៅចាំបាថា រយៈពេល២ឆ្នាំនៃការគ្រប់គ្រងរឿងអាស្រូវក៏ចាប់ផ្តើមកើតមានជាបន្តបន្ទាប់ករណីលក់ដីរដ្ឋខុសច្បាប់ នៅក្នុងឃុំ រហាលឃុំភ្នំលៀប និង ឃុំប្រាសាទផង។ការប្រព្រឹត្តរបស់លោកឃូពៅបានធ្វើឲ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែនការខកចិត្តជាខ្លាំង ដែលតែងតាំងលោកឲ្យជាមន្ត្រីអាជ្ញាធរ ការពារដីរបស់រដ្ឋបែរទៅជាលក់ដីរបស់រដ្ឋដោយខុសច្បាប់ទៅវិញ ។
ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជើញលោក ឃូ ពៅអភិបាលស្រុកព្រះនេត្រព្រះ ឲ្យចូលខ្លួនបំភ្លឺ ក្នុងសំណុំសុំរឿងព្រហ្មទណ្ឌលេខ១០៩ ចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ អំពីដំណើររឿងអ្នកពាក់ព័ន្ធឈូស ឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់៣ស្ថិតនៅភូមិក្រសាំងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លិខិតនោះឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។ កន្លងទៅកាលពីថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២១សាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចឃុំខ្លួន លោក អែម ណុយ បណ្តោះអាសន្នដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយចោទពីបទកាប់ឆ្ការគាស់រាននិងឈូសឆាយហ៊ុំព័ទ្ធកាន់ កាប់ដីព្រៃលិចទឹក ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១១៦៩ ចុះថ្ងៃទី ១៩ ខែធ្នូឆ្នាំ២០២១ របស់សាលាដំបូង។ជាមួយគ្នានេះគេនៅពុំទាន់ឃើញ លោក ហេង ហុង ជាក្រុមប្រឹក្សាឃុំដែលមានជំនាញលក់ដីរដ្ឋ និងរដ្ឋបាលជលផល ស្រុកព្រះនេត្រព្រះ រួមនិងលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះផងក៏មិនឃើញ ចំណាត់ការចាត់វិធានការតាមផ្លូវច្បាប់លើជនទាំងអស់នោះនៅឡើយទេ ។
ប្រជាពលរដ្ឋកំពុងរង់ចាំមើលថាតើព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យនឹងឆ្លើយតប បកស្រាយដូចម្តេចលើលិខិតបទដ្ឋានគតិយុត្តិ ទាក់ទងដំណើរការរឿងក្តីមួយនេះក្នុងនីតិវិធីតុលាការ ប្រើ ជាដីកាកោះឬដីកាបង្គាប់ឲ្យចូលខ្លួនតែចំពោះលិខិតអញ្ជើញគឺគេប្រើសម្រាប់តែការអញ្ជើញឲ្យចូលរួមប្រជុំ ឬអញ្ជើញការកូនប្រុសស្រី ។ល។
ពលរដ្ឋថាបើបែបនេះមែននោះវាសនារបស់លោក ឃូពៅ ជាអភិបាលស្រុកព្រះនេត្រព្រះអាចនឹងមាន ហុងស៊ុយខ្ពស់ជាងអ្នកឯទៀតៗក្នុងសំណុំរឿងដីធ្លី នៅក្នុងខេត្តបន្ទាយមានជ័យនេះ ៕