បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋនៅអមសងខាងផ្លូវមួយកន្លែងស្ថិតក្នុង ភូមិសាមគ្គីមានជ័យសង្កាត់និងក្រុងប៉ោយប៉ែត បានលើកឡើងនិងធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះ អាជ្ញាធរមូលដ្ឋានថា អសមត្ថភាពក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
អ្នកភូមិថា ដីធ្លីរបស់ពួកគាត់ នឹងកើតជារឿង ជម្លោះទាស់ទែងវិវាទ គ្នាជាមិនខាន ព្រោះដីផ្លូវ នៅព្រំជាប់និង ដីរបស់ពួកគាត់ ត្រូវបានគេរំលោភបំពាន យ៉ាងអនាធិបតេយ្យគ្មានឃើញ មេភូមិចេញមុខដោះស្រាយអោយទេ ពោលគឺ ដីនោះជាដី ផ្លូវសុទ្ធសាត ឥឡូវស្រាប់តែមានគេធ្វើរបងបិទជិតផ្នែកខាងក្រោយដោយទុកផ្លូវដើរ ចំនួន២ម៉ែត្រចំណែក៨ម៉ែត្រក្បាលដី និងបណ្តោយ២០ម៉ែត្រត្រូវគេឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិ។
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ករណីនេះ លោកមិនបានដឹងទេ លោកថា បើមានគេធ្វើប្លង់លើផ្លូវម៉ែននោះ គឺមិនអាចទៅរួចឡើយ ។
ចំណែកលោក ប្រធានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត លោក ចូវ សុភឿត បានឲ្យសារព័តមានយើងដឹងនៅ ថ្ងៃទី២២ខែមករា២០២២នេះថា ករណីនេះអាចកើតមាន ព្រោះប្រជាពលរដ្ឋខ្លះខូចណាស់ឃើញ ដីផ្លូវទំនេរមិនបានទេគឺរំលោភយកបាត់ ។ មន្ត្រីដដែលបានបន្តថា ថ្ងៃច័ន្ទខាងមុខនេះ លោកនឹង ឲ្យមេភូមិទៅពិនិត្យ ដល់ទីតាំងដីនោះដើម្បីរកអោយឃើញ អ្នកប្រព្រឹត្ត ពិតប្រាកដ ។
បែបណាក៏ដោយចុះ លោក អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានអធិប្បាយយ៉ាងខ្លីថា បើដីនោះ ធ្វើរបងក្រោយ ចុះប្រពន្ធ័ គឺគង់តែវាយចោលទេ មិនដែលអ្នកណា ហ៊ានយកផ្លូវធ្វើប្លង់កម្មសិទ្ធិទេ ។
សូមរំលឹកថា ក្រុងប៉ោយប៉ែតនេះដីផ្លូវជាច្រើនទីតាំង ស្ថិតក្នុងភូមិនិមួយៗ ត្រូវមន្ត្រីអាជ្ញាធរយកលក់ អស់ច្រើនណាស់មកហើយ គ្មានដែនឃើញ ថ្នាក់លើណា ឈឺក្បាលវិលមុខទេ ។ជាក់ស្តែងដីផ្លូវ ចំណុចផ្សាររ៉ាចាស់ ក្រោយគ្លីនិកនគររាជ្យគឺអាជ្ញាធរពុករលួយ ឃុបឃិតគ្នាលក់គ្មានសល់ រហូតមកទល់និងបច្ចុប្បន្ន ៕