បន្ទាយមានជ័យ÷វត្តរលំជ្រៃគឺជាវត្តមួយក្នុងចំណោមវត្តអារាមនានាក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ វត្តនេះនៅមិនឆ្ងាយពីទីរួមស្រុកថ្មពួកប៉ុន្មានទេ ហើយជាញឹកញាប់ឲ្យតែដល់ថ្ងៃឧបោសថសិល និងថ្ងៃពេញបូណ៌មីឬខែដាច់ គេសង្កេតឃើញពុទ្ធបរិស័ទជិតឆ្ងាយ នាំគ្នាកុះករទៅបន់ស្រន់នៅវត្តខាងលើ ។
យោងតាមប្រសាសន៍របស់លោកតា អាចារ្យវត្តរលំជ្រៃម្នាក់បានឲ្យដឹងថា÷មូលហេតុដែលនាំឲ្យមាន ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ មកថ្វាយបង្គំព្រះពុទ្ធរូច្រើនបែបនេះ គឺដោយសារ មានព្រះពុទ្ធរូប១ ព្រះអង្គដែលមានអាយុកាល វែងឆ្ងាយ។ ព្រះអង្គត្រូវបាន អតីតព្រះចៅអធិការវត្ត រលំជ្រៃធ្វើសមាធិឃើញកប់ជ្រៅក្នុងស្រះទឹកមួយ កន្លែងនៅបរិវេណប្រាង្គប្រាសាទបន្ទាយទ័ពដែលនៅមិនឆ្ងាយពី ប្រាសាទបន្ទាយឆ្មាដែរ ។ លោកតាដដែលបានបន្តថា កាលណោះព្រះចៅអធិការធ្លាប់បានប្រាប់ថា ក្រោយមក ស្រាប់តែវិញ្ញាណបរិសុទ្ធដែលគ្រប់គ្រង ព្រះពុទ្ធរូបនោះបាន ពន្យល់សប្ដិប្រាប់ ព្រះចៅអធិការឲ្យនិមន្តទៅ សង្គ្រោះព្រះអង្គចេញពីភក់ជ្រាំនោះយកទៅតម្កល់ទុកក្នុងបាលង្គ ដើម្បីជាសាការបូជា។
ក្រោយមកស្រាប់តែមានក្រុមចោរ១ក្រុមបានមកប៉ុនប៉ងលួចយកព្រះអង្គចេញពីវត្តស្រាប់តែក្រុមចោរនោះបានវង្វេងចេញមិនរួចពីបរិវេណឡើយ ។លោតាថាក្រោយៗមកស្រាប់តែ ព្រះអង្គបានពន្យល់ប្រាប់លាភសំណាងដល់ប្រជាបរិស័ទ ដែលគោរពតាមឱវាទ របស់ព្រះសម្មាសម្ពុទ្ធ គឺជាបុគ្គលបរិសុទ្ធដោយព្រហ្មចរិយធម៌ ។លើសពីនេះទៅទៀត អ្នកខ្លះមានទុក្ខ កង្វល់បានមកបន់ស្រន់ ព្រះអង្គឲ្យជួយ ហើយក៏អាចដោះស្រាយបានដោយសារបន់ស្រន់នោះទើបធ្វើឲ្យមនុស្សផងទាំងពួងជឿជាក់តៗគ្នា ។
បែបណាក៏ដោយជុំវិញជឿបន់ស្រន់នេះឬបួងសួង ចំពោះព្រះពុទ្ធរូបព្រះអង្គខ្មៅវត្តរលំជ្រៃខាងលើស្ត្រីម្នាក់នៅ ក្រុងប៉ោយប៉ែតបានឲ្យដឹងថាកន្លងទៅគាត់ធ្លាប់មាន បញ្ហាលក់ដូរមិនដាច់ហើយបានបន់ឲ្យព្រះអង្គជួយ ក្រោយមកស្រាប់តែមានភ្ញៀវច្រើនហួសពីការស្មាន គាត់ថាកាលពីឆ្នាំ២០០០កន្លងទៅ ។ ប៉ុន្តែថ្មីៗនេះ គាត់បានទៅថ្វាយបង្គំព្រះអង្គម្តងទៀត ស្រាប់តែឃើញថា ព្រះភក្ត្រព្រះអង្គដូចជាខុសពីមុនគាត់ដាក់ការសង្ស័យថា ព្រះអង្គត្រូវគេនិមន្តទៅឆ្ងាយហើយឬយ៉ាងណា ? ចំណែកការបន់ស្រន់ បួងសួងសុំអ្វីៗក៏លែងឲ្យលាភជ័យដូចជាគ្រាមុនឡើយ ។
ចំណែកលោក អាចារ្យ ប្រាក់ សុភាត់ មន្ត្រីនៃមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ព្រះពុទ្ធរូបដែលគេតម្កល់ទុកក្នុងវត្ត រលំជ្រៃស្រុកថ្មពួកនោះគឺជា ព្រះពុទ្ធរូអង្គចាស់ដដែល មិនបាត់ទៅណាទេ ។ ដោយឡែក ព្រះគ្រូចៅអធិការវត្ត ខាងលើនា ព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១នេះ សារព័ត៌មានយើងមិនទាន់អាច ទាក់ទងសុំការបញ្ជាក់ពី ព្រះអង្គបាននៅឡើយទេ ជុំវិញកង្វល់ប្រជាបរិស័ទសង្ស័យថា ព្រះអង្គខ្មៅសព្វថ្ងៃត្រូវគេនិមន្តចេញពីវត្តនោះ ។
សង្ឃឹមថា ព្រះអង្គទ្រង់មានឬទ្ធិបារមីខ្លាំងក្លា មិនត្រូវបានជនអប្រិយ យកចេញបានដោយងាយៗឡើយ បើជនណាហ៊ានបំពារបំពានលើព្រះអង្គជននោះមុខតែ ត្រូវបរាជ័យជាក់ជាមិនខាន៕