បន្ទាយមានជ័យ÷ ថ្មីៗនេះសមត្ថកិច្ចថៃ ស្ទាក់ចាប់បានម៉ូតូជាច្រើនគ្រឿងនិងរថយន្តចង្កូតស្តាំផង នៅព្រំដែនស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលប្រឈមមុខ នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សេចក្តីរាយការណ៍ថា រថយន្តសេរីទំនើបចង្កូតស្តាំ ម៉ាកហ្វតរែនជ័រ និងម៉ូតូរាប់សិបគ្រឿងត្រូវឈ្មួញកម្ពុជា បញ្ជាទិញយកមកចែកក្នុងទីផ្សារងងឹត តាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ ។ប៉ុន្តែជាអកុសល រថយន្តនិងម៉ូតូទាំងនោះត្រូវបានសមត្ថកិច្ចថៃចាប់បាន គ្រាដែលកំពុងចេញដំណើរ យកឲ្យមេឈ្មួញខាងភាគី កម្ពុជា ។
ពាក់ព័ន្ធនិងករណីរត់ពន្ធ ម៉ូតូខាងលើ សមត្ថកិច្ចកម្ពុជា ដែលឈរជើងការពារព្រំដែន តាមបន្ទាត់ព្រំដែនកម្ពុជាថៃ មិនដែលធ្វើដឹងឮម្តងណាឡើយ លើសពីនេះ ពួកគេតែងតែឆ្លើយបដិសេធថាមិនមានអំពើរត់ពន្ធ ដូចការចោទប្រកាន់ របស់សមត្ថកិច្ចថៃនោះឡើយ ។
សូមរំលឹកថាកន្លង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី ធ្លាប់បញ្ជាឲ្យបិទ រាល់ចក្ររបៀងនានា ដែលសម្តេចថាជាច្រកខុសច្បាប់ ប៉ុន្តែអ្វីៗមិនដូចអនុសាសន៍របស់ថ្នាក់ដឹកនាំនោះទេ ៕