ព្រះសីហនុ៖បន្ទាប់ពីប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩បានល្អ និងបានបើកជំហរសេដ្ឋកិច្ចនិងសង្គមឡើងវិញចាប់ ពីចុងឆ្នាំ២០២២និងដើមឆ្នាំ២០២៣នេះអ្នកទេស ចរណ៏បរទេសបានសម្រុកចូលមកកម្សាន្តប្រទេស កម្ពុជាយើងឡើងវិញជាបន្តបន្ទាប់ហើយដែរ ។
ក្នុងនោះមាននាវាទេសចរណ៍បរទេសខ្នាតយក្សចំនួន៤គ្រឿងហើយដែលបានចូលមកកាន់កំពង់ផែខេត្តព្រះសីហនុត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០ ២៣នេះ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានបញ្ជាក់ថា ការត្រលប់មកវិញរបស់ទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ពិសេសទឹកដីខេត្តព្រះសីហនុ តាមរយៈនាវាខ្នាតយក្សជាបន្តបន្ទាប់បែបនេះគឺក្រោយពីភ្ញៀវទេសចរបានដឹងថា ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បានល្អប្រសើដូច្នេះទេសចរណ៍ដែលធ្លាប់មកកម្សាន្ត នៅប្រទេសកម្ពុជា តាំងពីមុនពេលវិបត្តិកូវីដ-១៩ក៏ចាប់ផ្ដើមត្រឡប់មកវិញបណ្ដើៗហើយ។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមករានេះ នាវាទេសចរណ៍បរទេសមួយគ្រឿងទៀតឈ្មោះ OCEAN ODYSSEY សញ្ជាតិ BAHAMAS បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោកបញ្ជាក់ថានាវានេះបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន១៣៧នាក់ស្រី៨៤ នាក់ (ភ្ញៀវភាគច្រើន គឺសញ្ជាតិសអាមេរិកមានចំនួន ១២៣នាក់មកទស្សនាប្រទេសកម្ពុជារយពេល ២ថ្ងៃ។ នាវានេះធ្វើដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជាហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ខែមករា។
ចំណែក កាលពីថ្ងៃទី ទី១៤ ខែមករា ឆ្នាំ២០២៣នេះដែរនាវាទេសចរណ៍ខ្នាតយក្ស១គ្រឿង ផ្ទុកអ្នកដំណើរ និងនាវិកជិត១ពាន់នាក់ ក៏បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចក្នុងខេត្តរយៈពេល១ថ្ងៃផងដែរ។ នាវាទេសចរណ៍ខ្នាតធំនោះ ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មាន ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩ នាក់ និងនាវិក ៤៣០ នាក់។
គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុជាលើកទី៤ ហើយដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយរយៈដោយសារការរាំងស្ទះពីវិបត្តិជំងឺកូវីដ-១៩នាពេលកន្លងមក៕