បន្ទាយមានជ័យ÷ មានការភ្ញាក់ផ្អើលមួយបានកើតឡើងលើករណីជនជាតិចិនចាប់ជនជាតិចិនដាក់ឡាន នៅចំណុចមុខក្រុមហ៊ុនកាសុីណូគ្រីស្តាល់០៧ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើង កំឡុងម៉ោង១១យប់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២ ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ប៉ុន្តែក្រុមម៉ា ហ្វីយ៉ាចិនទាំងនោះ បានព្យាយាមបើករថយន្តគេចខ្លួនដោយសុវត្ថិភាព ។
ពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា÷មុនកើតហេតុគេបានឃើញជនជាតិចិនម្នាក់ ឈ្មោះ Zhong Xingye បើករថយន្តម៉ាកលិច ហ្ស៊ីស200T ពណ៌សចូលមកកន្លែងចតរថយន្តមុខ កាស៊ីណូគ្រីស្តាល់០៧ ហើយភ្លាមៗនោះស្រាប់តែ ឃើញមានប្រតាយប្រតប់គ្នា ក្រុមចិនម៉ាហ្វីយ៉ាបានរុញឲ្យ ឈ្មោះ Zhong Xingye ចូលក្នុងឡាន ម៉ាកស្តារេចបើកយ៉ាងលឿនចេញតែម្តង ។
លុះព្រឹកឡើងម៉ោង០៩ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ គេបានឃើញនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ បានចុះមកដល់គោលដៅកន្លែងចាប់ជំរិតនោះ។ សមត្ថកិច្ចបានរកឃើញរថយន្តជនរងគ្រោះ ជិះម៉ាកឡិចស៊ីស200Tពណ៌ស ១គ្រឿង ពួកគេបានបើកការស៊ើបអង្កេតនិងស្រាវជ្រាវទើប ឈានដល់ការរកឃើញរថយន្តម៉ាកស្តារេច ១គ្រឿងទៀត ដែលជនសង្ស័យជិះយកទៅប្លុកចោលក្នុង វត្តផ្សារកណ្ដាលស្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ចំណែកជនរងគ្រោះ ឈ្មោះ ស៊ុងស៊ីងយុី ត្រូវពួកម៉ាហ្វីយ៉ានាំយកប្តូររថយន្ត មួយទៀតជិះគេចខ្លួនបាត់ស្រមោលតែម្តងមិនដឹងទៅទីណាទេ ។
ដំណើរការស្រាវជ្រាវសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្រុមម៉ាហ្វីយ៉ា គឺជាមុខសញ្ញាចាប់ជំរឹត ដោយពួកវាបានទារប្រាក់ពីជនរងគ្រោះចំនួន៣មុឺនដុល្លារ ជាថ្នូរនិងការដោះលែងជនរងគ្រោះមកវិញ ។
ដំណាក់កាលទី២សមត្ថកិច្ចបានចុះស្រាវជ្រាវដល់ ស្រុកថ្មគោល ក្នុងទឹកដី ខេត្តបាត់ដំបង ដែលជនជាតិចិនបានផ្តល់សញ្ញាថា÷ កំពុងលាក់ខ្លួននៅទីនោះ ។ ក្រោយពីអស់លទ្ធភាព នៃការស្រាវជ្រាវ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យ ស៊ីក្លូខ្មែរប៉ុស្តិ៍ដឹងថា÷ ករណីចាប់ជំរឹតខាងលើនោះមិនមែនជា ករណីចាប់ជំរឹតមនុស្សយកប្រាក់ទេគឺជារឿងវិវាទពាក្យសម្ដីនិងគ្នា ក៏វៃតប់គ្នាតែម្តងទៅហើយពួកវាខ្លាចសមត្ថកិច្ចចាប់ខ្លួនក៏ព្យាយាមរត់គេចនេះ ជាការលើកឡើងរបស់លោក អធិការក្រុងប៉ោយប៉ែត ។
ចំណែក ស្ត្រីម្នាក់ដែលចេញមុខមកនិយាយថា÷ ខ្លួននាងនិងជនរងគ្រោះ ឈ្មោះ Zhong Xingye ត្រូវជាសង្សារនឹងគ្នានោះបានឲ្យដឹងថា÷ សង្សារនាងជាជនរងគ្រោះ គឺត្រូវបានគេចាប់ជំរឹតមិនមែនជាករណីឈ្លោះគ្នាទេ នាងថា សង្សារខ្ញុំ ជាម្ចាស់ ហាងលក់គ្រឿងអាហារ និងមានភាគហ៊ុននៅ ហៃហ្សូទៀតផង គាត់ជាមនុស្សមានលុយ ហើយចរិកលក្ខណៈរបស់គាត់ស្លូតត្រង់ណាស់មិនចេះកោងកាចទេ ។
ស្ត្រីដដែលបានបន្តថាបើតាមនាងដឹងពីមិត្តភក្តិ របស់សង្សារនាងបានប្រាប់ថា÷លុយចំនួន៦០,០០ ០$ហើយដែលបានផ្តេរចូលទៅនិងកុងរបស់ក្រុមម៉ាហ្វីយ៉ានោះ នាងអះអាងថា នេះមិនមែនជាករណីឈ្លោះប្រកែកគ្នាអីទេ ។
ពាក់ព័ន្ធនិងករណីនេះដែរកាលពីចុងខែតុលាឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ បានប្រាប់យ៉ាងខ្លីថា÷ ជនរងគ្រោះនិងជនសង្ស័យដែលឈ្លោះគ្នានៅមុខកាស៊ីណូគ្រីស្តាល់ឯក្រុងប៉ោយប៉ែតនោះ ពួកវាបានរត់ចូលប្រទេសថៃអស់ហើយ ព្រោះវាខ្លាចកម្លាំងនគរបាលយុត្តិធម៌យើងចាប់ខ្លួន នេះជាការអះអាងរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ គិតមកត្រឹម ថ្ងៃចេញផ្សាយនេះ អង្គភាពព័ត៌មានយើង បានព្យាយាមសាកសួរ ស្ត្រីម្នាក់ ដែលអះអាងថា ជាសង្សារជនរងគ្រោះ នោះ នាងថា សង្សារនូវមានដំណឹង ពីការបាត់ខ្លួននោះទេ ។ នាងថា នាងបានដើររកគ្រប់កន្លែងហើយ រកមិនឃើញ ពេលខ្លះនាងបានឲ្យ ព្រះសង្ឃ ទស្សទ៍ទាយ ព្រះសង្ឃទាយថា គាត់មិនទាន់ស្លាប់ទេ គាត់ត្រូវគេចាប់ឃុំខ្លួនបណ្ដោះអាសន្នតែប៉ុណ្ណោះ ៕