កំពង់ឆ្នាំង÷សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនបាន២,៥ គីឡូក្រាមនៅផ្ទះមន្រ្តីរតនាគារនៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង ដែលជាដែនដីជង្រុកឆ្នាំង នៅប្រទេសកម្ពុជា ។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះឆែកឆេរ ផ្ទះជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ ភេទប្រុស មានអាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិក រតនាគារសាខាខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាសស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍ប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទ មេតំហ្វាតាមីន (ICE) ចំនួន ១៦ កញ្ចប់លាក់ទុកលើ ពិដាន និង ៩ កញ្ចប់ ទៀត លាក់ទុកក្នុងទូសរុបទាំងអស់មានចំនួន ២៥ កញ្ចប់ ទម្ងន់ ២,៥ គីឡូក្រាម ។
ក្រោយប្រតិបត្តិការចប់ កម្លាំងសមត្ថកិច្ចបាននាំ យកវត្ថុតាង និងជនសង្ស័យ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ប្រឆាំងគ្រឿងញៀននៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលសមត្ថកិច្ច កម្ពុជាចាប់ខ្លួន និងរកឃើញ មន្ត្រីជួររដ្ឋាភិបាល ថ្នាក់ក្រោមជាតិ ប្រព្រឹត្តការជួញដូរ គ្រឿងញៀននៅទឹកដី ខេត្តកំពង់ឆ្នាំងនេះ ៕