បន្ទាយមានជ័យ÷ ផ្ទះល្វែងយ៉ាងហោចណាស់០៦ ល្វែងត្រូវបានភ្លើងឆាបឆេះតៗគ្នាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ចោមរោមមើលនិងចេះជួយពន្លត់ប្រសេចប្រសាចទើបដឹងដល់អាជ្ញាធរចុះមកជួយដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២២ នៅចំណុចខាងកើតបេនឡានក្រុង OSP ស្ថិតក្នុងភូមិ បាលិលេយ្យ១ សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវជាម្តាយ ម្ចាស់ផ្ទះសំណាក់ផ្កាយព្រឹក បានឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវបាន ភ្លើងឆេះយ៉ាងសន្ធោសន្ធៅបំផ្លិចបំផ្លាញអស់ទ្រព្យសម្បត្តិ ដែលបានប្រឹងប្រែងរកស៊ីកាលពីកន្លងមក ។ស្ត្រីដដែលរូបនោះថា រឿងហេតុមិនដឹងថា ឆេះផ្ទះអ្នកណាមុននោះទេ ស្រាប់តែឃើញភ្លើងហុយផ្សែង ខ្មៅងងឹត ធ្វើឲ្យគាត់ទន់អស់ដៃជើង ភ្លេចមុខភ្លេចក្រោយ រកនឹកហៅ អ្នកណាក៏មិនបាន ។
ចំណែកម្ចាស់ផ្ទះម្នាក់ទៀត ឈ្មោះ ស្រស់ ដែលមានលំនៅឋានជិតផ្ទះ សំណាក់ខាងលើបានឲ្យដឹងថា សម្រាប់លោក មិនបានដឹងថា ភ្លើងឆេះផ្ទះរបស់ខ្លួនទេ ព្រោះផ្ទះដាក់ជួលឲ្យគេស្នាក់នៅហើយ។ លោកថា ទ្រព្យសម្បត្តិមិនបានខូចខាតទេ បើខូច ខាត គឺដំបូលនិងពិដាន ចំណែកជញ្ជាំងត្រូវបាន រោលដោយម្រែងភ្លើងសរុបការខូចខាតជាង១មុឺនដុល្លារដែរ ។
ក្រោយភ្លើងលេបត្របាក់ផ្ទះអស់ ចំនួន៦ល្វែង ម៉ោង១២និង១៥នាទី គេឃើញមាន វត្តមានលោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោម៉េងជ្រូន អភិបាលរង ខេត្តបន្ទាយមានជ័យ ក៏បានមកជួយ អន្តរាគមន៍ ក្នុងហេតុការណ៍ពន្លត់អគ្គីភ័យនេះដែរ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្នុងហេតុការណ៍ចុះជួយបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ភ្លើងឆេះផ្ទះនេះ យើងបានប្រើប្រាស់ទឹកអស់សរុប៦ឡាន។ ពោលគឺរថយន្ត ពន្លត់អគ្គីភ័យ អធិការនគរបាលក្រុងប៉ោយប៉ែត ១គ្រឿងស្រុកអូរជ្រៅ១គ្រឿង ក្រុមហ៊ុនកាស៊ីណូ ហ្គ្រែនដាយមឹន១គ្រឿង រថយន្តក្រុមហ៊ុនកាស៊ីណូ ត្រូពីកាណា១គ្រឿងដែលបានចុះមកជួយពន្លត់បានទាន់ពេល ។
គិតមកដល់ម៉ោងចេញផ្សាយនេះ អង្គភាពសារព័ត៌មានស៊ីក្លូខ្មែរប៉ុស្តិ៍យើងខ្ញុំ មិនទាន់បាន ទទួលរបាយការណ៍ជាក់លាក់ ពីអាជ្ញាធរនៅឡើយទេ ថា ការខូចខាត សរុបអស់ប៉ុន្មានបើគិតជាទឹកប្រាក់នោះ ។