ភ្នំពេញ÷ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានត្រូវបានកម្លាំងនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២២នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។
ករណីឃាត់ខ្លួនខាងលើដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបានសែកជាទឹកប្រាក់ចំនួន ៧៧៦០០០ ដុល្លាតាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ ។
ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះពេជ្រ ស្រីមុំ ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរពាណិជ្ជករស្នាក់នៅផ្ទះលេខ២៥២ផ្លូវផ្លាទីនឹមសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជ ធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕