ខេត្តរតនគិរី÷ ទឹកជ្រោះថ្មដាហ្គងមោងដែលជាកន្លែងរមណីដ្ឋានធម្មជាតិពោពេញដោយទៅដោយ សម្រស់ស្រស់ឆើតឆាយនៅដែនដីទិសឥសាន្តដែលជាឋានសួគ៌នៃមនុស្សជាតិផងទាំងពួងតែងប្រាថ្នាចង់ទៅលេងកម្សាន្តនិងគយគន់សម្រស់ព្រឹកព្រៃលាយឡំជាមួយទឹកផ្នត់ថ្មដាហូរចេញពីច្រលងបុព្វតាគួរជាទីមនោរម្យ ។
រមណីយដ្ឋានទឹកធ្លាក់ថ្មដាហ្គងមោងនេះត្រូវបានអ្នកទេសចរបរទេសជាច្រើនបានចាប់ផ្ដើមនាំគ្នាទៅលេងកម្សាន្តនិងបោះជំរំស្នាក់នៅដើម្បីស្រង់យកខ្យល់បរិសុទ្ធនិងបរិយាកាសដ៏សែនសប្បាយ រីករាយជាមួយនឹងសម្លេងសត្វព្រៃយំកងរំពងពេលថ្ងៃអស្តង្គត ។ រមណីដ្ឋានខាងលើគឺនៅជាប់ដែនជម្រកសត្វព្រៃឧស្យានជាតិ វិរជ័យដែលយើងត្រូវធ្វើដំណើរតាមម៉ូតូ ផងថ្មើរជើងផងកម្រិតពិបាកខ្លាំងរយពេល២ថ្ងៃចាប់ពីស្រុកតាវែងខេត្តរតនគិរី ទើបទៅដល់ថ្មដានោះ ។
ការដើរកំសាន្តសប្បាយតាមដងព្រៃត្រូវត្រៀមគ្រឿងឧបភោគបរិភោគនិងសម្លៀកបំពាក់ឲ្យបានច្រើន យ៉ាងហោចណាស់ចំនួន៤ថ្ងៃដើម្បីទៅលេងនៅទីនោះ ទន្ទឹមនឹងនេះទឹកដីព្រៃភ្នំច្រលងបុព្វតាតែងមាន រមណីយដ្ឋាននានាជាច្រើនទៀតតាមដងផ្លូវ ។
ការធ្វើដំណើរ ទៅលេងឬ ទៅបោះតង់នៅទីនោះ ចបាច់ត្រូវតែ សុំច្បាប់និងជូនដំណឹងពីអាជ្ញាធរផងដែរ ព្រោះថា កន្លែងដែលយើងប៉ង ប្រាថ្នានឹងទៅនោះ ជាកន្លែងដាច់ស្រយាលឆ្ងាយពីទីប្រជុំជនពេលយប់ស្ងាត់ ជូនមានសត្វសាហាវមកយាយីផងក៏មាន។
ក្រុមអ្នកស្រុកនៅមិនឆ្ងាយពីរមណីយដ្ឋាន ខាងលើបានឲ្យដឹងថា ទីកន្លែងនេះកន្លងទៅ អ្នកភូមិក៏មិនដែលបាន ទៅដល់ផងព្រោះវាឆ្ងាយហើយស្ថានភាពផ្លូវក៏លំបាក ធ្វើដំណើរ ម្យ៉ាងវិញទៀត អ្នកភូមិមិនចាប់អារម្មណ៍ និងទឹកជ្រោះនោះទេ ព្រោះពួកគេមិនដឹងថាខ្យល់អាកាសបរិសុទ្ធព្រៃឈើ មានផលប្រយោជន៍អ្វីខ្លះដល់រាងកាយមនុស្សយើងនោះឡើយ ? ៕