ប្រទេសអាមេរិក÷ជាមួយនឹងផ្ទៃដី ៩.៨៣៣.៥២០ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ៣២៨លាននាក់ ធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសធំជាងគេលំដាប់ទី៣ឬទី៤និងមានប្រជាជនច្រើនជាងគេទី៣នៅលើពិភពលោក ។
សហរដ្ឋអាមេរិកគឺជាប្រជាជាតិមានប្រជាជនចម្រុះជាតិសាសន៍និងពហុវប្បធម៌ច្រើនជាងគេលើពិភពលោក ដែលជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ចូលទៅកាន់សហរដ្ឋអាមេរិកជាច្រើនសតវត្សមកនេះ ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកគឺឈរនៅលំដាប់ទី១លើពិពិភពលោក បើគិតតាមឆ្នាំ២០០៨ ផលទុនជាតិសរុប (GDP)របស់សហរដ្ឋអាមេរិក មានប្រមាណជា ១៤,៣កោដិលានដុល្លារ”ដែលប្រមាណជា ២៣% នៃ GDP និងជិត ២១% នៃអំណាចទិញ (PPP) ពិភពលោក”។
ប្រទេសនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋដំបូងបង្អស់ចំនួន ១៣ នៃអាណានិគមអង់គ្លេស ដែលស្ថិតនៅតាមបណ្ដោយឆ្នេរមហាសមុទ្រអាត្លង់ទិក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែលជាថ្ងៃប្រកាសឯករាជភាព ដើម្បីធ្វើការទាមទារឯករាជ្យរបស់ពួកគេ ពីពួកអាណានិគមអង់គ្លេស និងបង្កើតសាមគ្គីភាពរួមគ្នាជាធ្លុងមួយ ។ បណ្ដារដ្ឋដែលបានធ្វើការបះបោរ បានទទួលជ័យជម្នះលើពួកអង់គ្លេស នៅក្នុងសង្គ្រាមបដិវត្តអាមេរិក ដែលជាជ័យជម្នះលើកទី១ នៃសង្គ្រាមរបស់ជនក្រោមអាណានិគមដើម្បីឯករាជ្យ។ តាមរយៈសន្និបាតក្រុងហ្វីឡាដែលហ្វៀ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៧៨៧ បានសម្រេចអនុម័តបង្កើតឡើងនូវរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ ដែលការផ្ដល់សច្ចាប័ននេះ គឺធ្វើឡើងក្រោយរយៈពេលប៉ុន្មានឆ្នាំ ដែលផ្នែកនៃបណ្ដារដ្ឋមួយទាំងនោះ ស្ថិតនៅក្រោមសាធារណរដ្ឋតែមួយ ដោយមានការគ្រប់គ្រងដ៏ខ្លាំងពីរដ្ឋាភិបាលកណ្ដាល ។ The Bills of Right ត្រូវបានបង្កើតឡើងដោយ ១០មាត្រា ធានាដល់សិទ្ធិសេរីភាពស៊ីវិលមូលដ្ឋានជាច្រើន ដែលត្រូវបានផ្ដល់សច្ចាប័ននៅឆ្នាំ១៧៩១ ។
នៅសតវត្សទី១៩ សហរដ្ឋអាមេរិកបានទទួលទឹកដីប្រទេសបារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និងរុស្ស៊ី ហើយថែមទាំងបានធ្វើការបង្រួបបង្រួមជាមួយសាធារណរដ្ឋតិចសាស និងសាធារណរដ្ឋហាវៃទៀតផង ។ ជម្លោះរវាងបណ្ដារដ្ឋកសិកម្មនៅភាគខាងត្បូង និងបណ្ដារដ្ឋឧស្សាហកម្មនៅភាគខាងជើង លើបញ្ហាសិទ្ធិ និងច្បាប់ស្ដីពីទាសភាព បានបង្កឱ្យមានសង្គ្រាមស៊ីវិល ឬ សង្គ្រាមបំបែកស្រុកនៅអាមេរិក ក្នុងទសវត្សឆ្នាំ ១៨៦០ ។ ទីបំផុតទៅ ពួកខាងជើងបានទទួលជ័យជម្នះ បានធ្វើឱ្យសហរដ្ឋអាមេរិករក្សាបាននូវឯកភាព និងលុបបំបាត់ចោលច្បាប់ទាសភាពនៅសហរដ្ឋអាមេរិកទាំងមូល ។ សង្គ្រាមអេស្ប៉ាញ-អាមេរិក និងសង្គ្រាមលោកលើកទី១ បានបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិក ជាមហាអំណាចយោធាមួយលើពិភពលោក។សង្គ្រាមលោកលើកទី២នៅឆ្នាំ១៩៤៥ សហរដ្ឋអាមេរិកជាប្រទេសទី១ ដែលមានអាវុធនុយក្លេអ៊ែរ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកមួយនៃអង្គការណាតូ។
ក្រោយសង្គ្រាមត្រជាក់និងការដួលរលំនៃសហភាពសូវៀតបានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាកំពូលមហាអំណាចតែតែមួយគត់់នៅវិស័យយោធា សហរដ្ឋអាមេរិកបានចំណាយជាង៥០%នៃវិស័យយោធាទាំងអស់លើពិភពលោកនិងភាពនាំមុខគេទាំងសេដ្ឋកិច្ចនយោបាយនិងវប្បធម៌៕