ព្រះវិហារ÷ទឹកធ្លាក់វាលថ្មហួតដ៏ស្រស់ឆើតឆាយមួយនេះ ពិតជាមិនសូវមានអ្នកបានទៅដល់ ឬសូម្បីតែលឺឈ្មោះទឹកធ្លាក់នេះពួនសំងំលាក់ខ្លួនរក្សាសម្រស់ ប្រៀបបានទៅនឹងក្រមុំចូលម្លប់នៅគេហដ្ឋានដ៏ស្កឹមស្កៃនៃទឹកដីភ្នំត្បែងមានជ័យដូច្នោះឯង។
ទិដ្ធភាពនៅតំបន់ទឹកធ្លាក់នេះប្លែកពេកហើយ ហាក់ដូចនៅប្រទេសទីទៃឆ្ងាយពីដែនបុរីកម្ពុជាណាស់។
ខ្សែរទឹកហូរមកពីទីឆ្ងាយតាមបណ្តោយស្ទឹង ហូរធ្លាក់ជាច្រើនដំណាក់ កាត់វាលដ៏ធំ ដែលអ្នកក្នុងតំបន់នេះហៅថាវាលថ្មហួត។
ទឹកបានហូរមកពីគ្រប់ទិសទីចាក់បញ្ជូលក្នុងស្ទឹងនេះ មុននឹងហូរធ្លាក់ទៅដល់ដំណាក់ខ្ពស់បំផុត ជាកន្លែងទឹកធ្លាក់ថ្មហួត។
ទឹកធ្លាក់វាលថ្មហួតមានកំពស់ប្រមាណជា ១៥ម៉ែត្រ មានទឹកធ្លាក់ជាបីដំណាក់។ ដំណាក់ខាងលើភ្ជាប់ពីស្ទឹង កំពស់ប្រហែល១ម៉ែត្រកន្លះ ហូរបន្តទៅដំណាក់ទីពីរ កំពស់ប្រហែលជាងមួយម៉ែត្រនិងបន្តហូរធ្លាក់ទៅដំណាក់ទី៣ដែលមានកំពស់ប្រហែលជិត១០ម៉ែត្រ ចាក់ចូលទៅក្នុងអន្លង់ទឹកដែលមានជំរៅប្រហែល២ ម៉ែត្រដើមឈើធំៗដុះគ្របពីលើផ្តល់នូវម្លប់យ៉ាងត្រជាក់ ហើយទឹកមានសភាពថ្លាយ៉ង់យល់ដីអមដោយកូនត្រីហែលឆ្វែងឆ្វាត់។
វាលថ្មហួត និងទឹកធ្លាក់វាលថ្មហួតស្ថិតនៅមិនឆ្ងាយពីវត្តតាំងយូទេ ធ្វើដំនើរដោយថ្មើរជើងពីវត្តតាំងយូប្រហែល១៥នាទីលើរយៈចំងាយប្រហែល១គីឡូម៉ែត្រទៅទិសលិច៕ ប្រភព៖ពនេចរថតរូប