សៀមរាប÷ប្រាសាទបាលីលេយ្យ ក្នុងជំនឿព្រះពុទ្ធសាសនាដោយសារតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ឥទ្ធិពលសាសនាការងារមនុស្សធម៌សង្គមកិច្ចការប្រណាំងប្រជែងស្នាដៃរបស់អ្នកដឹកនាំគេសង្កេតឃើញបុព្វបុរសខ្មែរជំនាន់មុនបានកសាងប្រាសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ។
សំណង់ប្រាសាទតូចធំដែលមានក្បាច់ចម្លាក់ល្អប្រណីត ហើយខ្លះមានគុណភាពល្អនិងមួយចំនួនរងនូវការបំផ្លិចបំផ្លាញស្ទើរអស់ប៉ុន្ដែកេរតំណែលទាំងនេះបានក្លាយជាសម្បត្ដិមរតកវប្បធម៌ដ៏មានតម្លៃក្នុងការទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ។
ចំណែកប្រាសាទបាលីលេយ្យស្ថិតនៅក្នុងបរិវេណប្រាសាទអង្គរធំកសាងនៅក្នុងសម័យមហានគរ គេសង្កេតឃើញក្បាច់ចម្លាក់ទាក់ទងនឹងពុទ្ធប្រវត្ដិយ៉ាងច្រើន ហើយត្រូវបានគេអះអាងថាបុរាណស្ថាននេះឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនាដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋសម័យកាលនោះ ។
ប្រាសាទបាលីលេយ្យស្ថិតនៅក្បែរទីព្រះលានស្ដេចគម្លង់ទឹកដីសៀមរាប គឺនៅខាងលិចប្រាសាទទេពប្រណម្យ ។
បុរាណស្ថាននេះគេសង្កេតឃើញស្ថិតនៅលើគ្រឹះ៣ជាន់មានជណ្ដើរគ្រប់ទិស ដែលភាគច្រើនមានចម្លាក់រឿងរ៉ាវទាក់ទងរឿងពុទ្ធប្រវត្ដិត្រង់ផ្នែកហោជាងផ្ដែរ និងជញ្ជាំងនៃប្រាសាទ ហើយសំណង់ប្រាសាទផ្នែកខ្លះបាក់បែកអស់មួយចំនួនដែលជាហេតុនាំឲ្យពិបាកក្នុងការរកឈ្មោះអ្នកកសាង ។ ប៉ុន្ដែអ្នកខ្លះអះអាងថាប្រាសាទដ៏ចំណាស់នេះកសាងក្នុងរជ្ជកាលព្រះបាទធរណិន្ទ្រវរ្ម័នទី២ (គ.ស១១៥០-១១៦០)នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសសាសនាហើយសម័យក្រោយមកទៀតក៏ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ កសាងបន្ថែមដើម្បីបង្រួបបង្រួមសាសនានិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ។
នៅកំពែងនៃប្រាសាទដែលសេសសល់កសាងពីថថ្មបាយក្រៀមចំណែកតួប្រាសាទកសាងពីថ្មភក់មានក្បាច់រចនារស់រវើកគួរឲ្យគយគន់ ព្រមទាំងមានគោបុរៈមួយចំនួនទៀតផង ។
រូបចម្លាក់ជាច្រើនលើជញ្ជាំងលើទ្វារ ផ្ដែរ ហោជាង គឺមានរឿងពុទ្ធប្រវត្ដិជាច្រើនដូចជាពុទ្ធប្រវត្ដិឈរធ្វើសមាធិ ចូលនិព្វាន មនុស្សអង្គុយគោរពហែហមព្រះអង្គពែនភ្នែនដោយមានសត្វដំរី ស្វាកំពុងថថ្វាយបង្គំនិងសត្វឃ្មុំធ្វើជាផ្លិត ។ នៅផ្នែកម្ខាងទៀតព្រះអង្គទ្រង់សម្ដែងធម៌ទេសនាព្រះពុទ្ធទ្រង់ជួបជាមួយនាងពពិម្ពាយសោធរាជ និងរាហ៊ុលកុមារជាបុត្រា ៕