បន្ទាយមានជ័យ÷វរសេនាតូចនគរបាលការពារព្រំដែន គោកលេខ៨១៥ស្រុកម៉ាឡៃបានធើ្វការទប់ស្កាត់មុខសញ្ញាពលករលួចឆ្លងដែនចូលទៅប្រទេសថៃតាមច្រករបៀងស្ថិតក្នុងភូមិសាស្ត្រឃុំអូរសំពណ៌ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១។
លោកមេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨១៥បានឲ្យដឹងថាវេលាម៉ោង ០៤:៥០នាទីកម្លាំងប៉ុស្ដិ៍ក្បាលទំនប់ចំនួនរូបដឹកនាំដោយលោកវរសេនីយ៍ត្រី រឿមប៊ុនរិទ្ធនាយប៉ុស្ដិ៍ សហការជាមួយកម្លាំងយោធាសឹករងបានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន០៦នាក់ស្រី០៣នាក់។នៅចំណុចភូមិបន្ទាយទី២ឃុំអូរសំពណ៌ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យត្រង់គោលដៅចំការស្វាយចន្ទី ។
លោកវរសេនីយ៍ឯកសួងសៅ បានបន្តទៀតថាពលករដែលលបលួចឆ្លងដែននោះពួកគាត់មកពីខេត្តចំនួន២ សៀមរាបចំនួន៥នាក់ និងឧត្តរមានជ័យ០១នាក់។បន្ទាប់ពីធ្វើការណែនាំអប់រំពួកគាត់ឲ្យយល់ពីវិធានការទប់ស្កាត់ស្ដីពីការឆ្លងរាលដាលជំងឺCovid-19 រួចមកសមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាឲ្យពួកគាត់ឈប់ធើ្វសកម្មភាពឆ្លងដែនខុសច្បាប់ទៀត។
តមកលោកមេបញ្ជាការបានប្រគល់ពលករខាងលើជូនផ្នែកជំនាញនៃអធិការដ្ឋានគរបាលស្រុកម៉ាឡៃដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត ។
លោក វរសេនីយ៍ឯក សួង សៅថា នគរបាលការពារព្រំដែនគោកលេខ៨១៥តែងគោរពតាមអនុសាសន៍របស់ថ្នាក់ដឹកនាំជាពិសេសបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងបទបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលបានដាក់ឲ្យអនុវត្តន៍ ។
សូមរំលឹកថាកម្លាំងនគរបាលការពារព្រំដែនគោក លេខ៨១៥តែងចូលរួមការងារសង្គមមនុស្សធម៌និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់លើសពីនេះកម្លាំងបានទប់ស្កាត់ពលរដ្ឋលបលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃបានជាបន្តបន្ទាប់ ៕